SpaceX បាញ់បង្ហោះគ្រាប់រ៉ុក្តែតយក្ស Starship ជាលើកទី៣ ដោយជោគជ័យ
វ៉ាស៊ីនតោន៖ គ្រាប់រ៉ុក្តែត Starship បានទទួលជោគជ័យ ក្នុងការបាញ់បង្ហោះសាកល្បងជាលើកទី៣ កាលពីថ្ងៃព្រហស្បតិ៍ទី១៤ ខែមីនា ឆ្នាំ២០២៤ ក្នុងព្រឹត្តិការណ៍ផ្សាយបន្តផ្ទាល់មួយ នៅចំពោះមុខអ្នកទស្សនារហូតចំនួន ២លាននាក់។
គ្រាប់រ៉ុក្តែត Starship ត្រូវបានបាញ់បង្ហោះចេញពីមជ្ឈមណ្ឌល Starbase របស់ក្រុមហ៊ុន SpaceX នៅភាគអាគ្នេយ៍នៃរដ្ឋតិចសាស់ បានកើតឡើងនៅម៉ោង 8:25 ព្រឹក ម៉ោងក្នុងស្រុក (1325 GMT) ។ គ្រាប់រ៉ុក្កែតដ៏ធំបំផុតនេះ មានសារៈសំខាន់ណាស់ ចំពោះផែនការរបស់អង្គការណាសា សម្រាប់ការចុះចតអវកាសយានិកនៅលើឋានព្រះចន្ទនៅចុងទសវត្សរ៍នេះ ហើយនឹងក្តីសង្ឃឹមរបស់លោក Elon Musk ក្នុងការធ្វើអាណានិគមលើភពអង្គារ។
សូមរម្លឹកថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមហ៊ុន SpaceX បានធ្វើតេស្តបាញ់បង្ហោះរ៉ុក្តែត Starship ជាលើកទី២ ដែលជាប្រភេទរ៉ុក្កែតមានកម្លាំងខ្លាំងបំផុត និងធំបំផុតលើពិភពលោក។ តែទោះយ៉ាងណា ការបង្ហោះលើកនោះ មិនទទួលបានជោគជ័យទេ ដោយ Starship ត្រូវបានផ្ទុះចេញពីគ្នា បន្ទាប់ពីបាញ់បង្ហោះបានកម្ពស់ ១៤៨គីឡូម៉ែត្រពីដី ក្នុងបេសកកម្មសាកល្បងរយៈពេល ៩០នាទី។
នេះគឺជាលើកទី២ ក្នុងឆ្នាំ២០២៣ ដែលក្រុមហ៊ុន SpaceX បានបាញ់បង្ហោះរ៉ុក្កែត Starship របស់ខ្លួន ហើយទទួលការបរាជ័យទាំងពីរលើក។ ការបង្ហោះលើកទី១ ធ្វើឡើងក្នុងអំឡុងខែមេសា នឹងជាកំណត់ត្រាដំបូងរបស់ Starship ដែលអាចហោះហើរលើមេឃបានកម្ពស់ជាង ៣០គីឡូម៉ែត្រពីដី ទើបជូបបញ្ហាបណ្តាឱ្យផ្ទុះ ក្រោយបង្ហោះបានប្រហែល ៤នាទី។
គួរបញ្ជាក់ថា ក្រុមហ៊ុន SpaceX មានផែនការប្រើរ៉ុក្តែត Starship នេះ ដើម្បីបញ្ជូនមនុស្ស និងទំនិញទៅកាន់ភពព្រះចន្ទ ក៏ដូចជាភពព្រះអង្គារ។ ទីភ្នាក់ងារអវកាសអាមេរិក NASA បានកក់យានអវកាស Starship នេះ ទុកសម្រាប់ដឹកក្រុមអ្នកទៅភពព្រះចន្ទរបស់ខ្លួន ហើយអ្នកទេសចរមានទ្រព្យធនក៏បានកក់ទុកការហោះហើរទៅកាន់ភពព្រះចន្ទរួចហើយដែរ៕
ប្រភព៖ AFP និង AP ប្រែសម្រួលដោយ៖ ឈឹម ទីណា