សម្ដេចតេជោ ហ៊ុន សែន បង្ហាញការពេញចិត្តចំពោះការរីកចម្រើន នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងឡាវ ដែលត្រូវបានពង្រឹង និងពង្រីកជាលំដាប់
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បង្ហាញការពេញចិត្តចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងឡាវ ជាពិសេស លើផ្នែកសេដ្ឋកិច្ច ថាមពល និងវិស័យផ្សេងៗទៀត ដែលត្រូវបានពង្រឹង និងពង្រីកជាលំដាប់ ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបង្ហាញនូវការពេញចិត្តដូច្នេះក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមាន៧មករា នាព្រឹកថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤ ។
ជាកិច្ចចាប់ផ្ដើមនៃជំនួប សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូ និងបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រសួងសន្តិសុខសាធារណៈរបស់ឡាវនៅកម្ពុជានាពេលនេះ ហើយសង្ឃឹមយ៉ាងមុតមាំថា ដំណើរទស្សនកិច្ចនេះ នឹងត្រូវបានពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ទំនងទ្វេរភាគីរវាងប្រទេសទាំងពីរ កម្ពុជា និងឡាវ ជាពិសេស លើផ្នែកកិច្ចការសន្តិសុខ ដែលប្រទេសទាំងពីរ ជាប្រទេសភូមិផងរបងជាមួយគ្នា ។
ឯកឧត្តម វិល័យ ឡាខាំហ្វង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានឆ្លៀតឱកាសដ៏មមាញឹក និងមានតម្លៃ អនុញ្ញាតឲ្យគណៈប្រតិភូ បានជួបសំដែងការគួរសមនៅពេលនេះ។ ឯកឧត្តម បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ថងលូន ស៊ីសូលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ។
ឯកឧត្តមបានជម្រាបជូនសម្ដេចតេជោ អំពីលទ្ធផលនៃជំនួបរវាងក្រសួងមហាផ្ទៃកម្ពុជា ជាមួយសមភាពគីឡាវ ដែលភាគីទាំងពីរ បានឯកភាពគ្នាក្នុងការងារសម្រាប់ឆ្នាំ២០២៤ ដោយផ្ដោតទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ រវាងប្រទេសទាំងពីរ ។ នៅក្នុងជំនួបជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់កម្ពុជា ភាគីទាំងពីរ បានឯកភាពគ្នាជំរុញការអប់រំប្រជាជន កងកម្លាំងប្រដាប់អាវុធនៅតាមបណ្ដោយព្រំដែន ឱ្យយល់ច្បាស់អំពីច្បាប់ និងគោរពច្បាប់ ដើម្បីកុំឱ្យមានការឆ្លងដែនខុសច្បាប់ទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ, ជំរុញការអភិវឌ្ឍរួមគ្នានៅតាមបណ្ដាខេត្តជាប់ព្រំដែន , រួមគ្នាទប់ស្កាត់ការរត់ពន់គ្រឿងញៀនខុសច្បាប់, ឧក្រិដ្ឋកម្មឆ្លងដែន, ការជួញដូរមនុស្សជាដើម , ជំរុញកិច្ចសហប្រតិបត្តិការនៃបណ្ដាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ តាមរយៈការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកឱ្យបានទៀងទាត់ និងទាន់ពេលវេលា ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការនាំនូវការសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំឡាវជូនចំពោះសម្ដេច ហើយសម្ដេចតេជោ បានជម្រាបជូនដោយសង្ខេបអំពីសភាពការណ៍សំខាន់ៗ និងថ្មីៗដែលកម្ពុជាសម្រេចបាននាពេលកន្លងមកនេះ។
សម្ដេចតេជោ បានឯកភាពចំពោះការលើកឡើងរបស់ភាគីមិត្តឡាវ ក្នុងការធ្វើយ៉ាងណា ដើម្បីឱ្យប្រទេសយើងទាំងពីរជំរុញកាន់តែខ្លាំងឡើងនូវកិច្ចសហប្រតិបត្តិការលើផ្នែកសន្តិសុខ ដោយរួមគ្នាទប់ស្កាត់ការជួញដូរគ្រឿងញៀនខុសច្បាប់, ឧក្រិដ្ឋកម្មឆ្លងដែន, ការជួញដូរមនុស្សឆ្លងដែន ។ល។
សម្ដេចតេជោ បានសម្ដែងនូវការពេញចិត្តចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេស លើផ្នែកសេដ្ឋកិច្ច ថាមពល និងវិស័យផ្សេងៗទៀត ដែលត្រូវបានពង្រឹង និងពង្រីកជាលំដាប់ ។
ជាចុងក្រោយ តាមរយៈឯកឧត្តមប្រធានគណៈប្រតិភូ សូមពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខរបស់សម្ដេច ជូនឯកឧត្តម ថងលូន ស៊ីសូលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានឡាវ ព្រមទាំងថ្នាក់ដឹកនាំដទៃទៀតផងដែរ។ ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានសូមគោរពអញ្ជើញឯកឧត្តម ថងលូន ស៊ីសូលីត មកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា នាពេលសមស្របខាងមុខនេះ ៕
ដោយៈ វណ្ណលុក