ល្ងាចនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកពិធីបុណ្យទន្លេ លើកទី៨ ក្រោម ប្រធាន បទ ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ នៅខេត្តសៀមរាប

(ខេត្តសៀមរាប)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ពិធីបើកជា ផ្លូវការ “ បុណ្យទន្លេ លើកទី ៨ ” ក្រោមប្រធានបទ “ ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ ” នៅល្ងាចថ្ងៃសៅរ៍ ៧កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ មីនា ឆ្នាំ២០២៤ ។

ពិធីបុណ្យទន្លេ លើកទី៨ រៀបចំឡើងក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០២៤ នាដងស្ទឹងក្រុងសៀមរាប ចាប់ពីចំណុច សួនច្បារជិតវិហារព្រះអង្គចេកព្រះអង្គចម រហូតដល់ចំណុចស្ពាន រង្វង់មូលវត្តដំណាក់ផ្សារ ចាស់ ។

សូមជម្រាបថា រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យក្រសួងទេសចរណ៌ រៀបចំបុណ្យទន្លេ តាម រយៈ អនុក្រឹត្យលេខ ២៦៥ អនក្រ.បក ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៤ ដោយ កំណត់ យក សប្តាហ៍ទី១ ឬទី២ ខែមីនា ។

ពិធីបុណ្យទន្លេត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ និងបំផុសមហាជនក្នុងការអភិរក្សធនធានធម្មជាតិ ជាពិសេសការការពារ និងអភិរក្សធនធានធម្មជាតិ ដោយឈរលើការប្តេជ្ញាចិត្តរួមមួយច្បាស់លាស់ ក្នុងការរក្សាតុល្យភាព រវាង ផលប្រយោជន៍ខាងផ្នែកបរិស្ថាន សេដ្ឋកិច្ច-សង្គម និងវប្បធម៌។ បង្កើតព្រឹត្តិការណ៍ទេសចរណ៍ សម្រាប់ខេត្តជាប់ដងទន្លេ ដើម្បីរួមចំណែកដល់ការជំរុញ និងអភិវឌ្ឍ ខេត្តតាមដងទន្លេកម្ពុជា ឱ្យក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញស្របតាមយុទ្ធសាស្រ្តពិពិធកម្មផលិតផលទេសចរណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសបន្ទាប់ពីកម្ពុជាបានរៀបចំឱ្យមានការរៀបចំ ពិធីបុណ្យ ទន្លេ ។

ពិធីបុណ្យទន្លេបានរៀបចំប្រារព្ធឡើងចំនួន ៧លើក រួចមកហើយ ដែលក្នុងនោះលើកទី១ ឆ្នាំ២០១៥ នៅខេត្តក្រចេះ ក្រោមប្រធានបទ “ទេសចរណ៍តាមដងទន្លេ សម្រាប់ការអភិវឌ្ឍ សហគមន៍” ទទួលបានទេសចរសរុបប្រមាណ ១០ម៉ឺននាក់។ លើកទី២ ឆ្នាំ២០១៦ នៅ ខេត្តកំពង់ចាម-ត្បូងឃ្មុំ ក្រោមប្រធានបទ “ទន្លេស្អាត សហគមន៍ល្អ” ទទួលបាន ទេសចរ សរុបប្រមាណ ៥០ម៉ឺននាក់។ លើកទី៣ ឆ្នាំ២០១៧ នៅខេត្តស្ទឹងត្រែង ក្រោមប្រធានបទ “ទន្លេ៖ ផ្សារភ្ជាប់ប្រជាជន ទេសចរណ៍ វប្បធម៌ និងបរិស្ថាន” ទទួលបានទេសចរសរុប ប្រមាណ ១៤ម៉ឺននាក់។ លើកទី៤ ឆ្នាំ២០១៨ នៅខេត្តកណ្តាល ក្រោមប្រធានបទ “ទន្លេ នៃសន្តិភាព មិត្តភាព និងនិរន្តរភាព ទេសចរណ៍” ទទួលបានទេសចរសរុបប្រមាណ ១,៥លាននាក់។ លើកទី៥ ឆ្នាំ២០១៩ នៅខេត្តកំពង់ឆ្នាំង ក្រោមប្រធានបទ “ទន្លេ៖ ផ្សារ ភ្ជាប់សន្តិភាព ប្រជានជន និងទេសចរណ៍” ទទួលបានភ្ញៀវទេសចរសរុបប្រមាណ ១លាន នាក់។ លើកទី៦ ឆ្នាំ២០២០ នៅខេត្តបាត់ដំបង ក្រោមប្រធានបទ “ទន្លេនៃសន្តិភាព ទន្លេនៃ វិបុលភាព” ទទួលបានភ្ញៀវទេសចរសរុបប្រមាណ ៣០ម៉ឺននាក់។ ក្នុងឆ្នាំ២០២១ និង ឆ្នាំ២០២២ ដោយសារ វិបត្តិជំងឺកូវីដ-១៩ កម្ពុជា ពុំបានរៀបចំពិធីបុណ្យទន្លេឡើយ។ លើក ទី៧ ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ ក្រោមប្រធានបទ “ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និង អនាគត” ទទួលបានភ្ញៀវទេសចរសរុបប្រមាណ ៨០ម៉ឺននាក់ និងលើកទី៨ ឆ្នាំ២០២៤នេះ នៅខេត្តសៀមរាប ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ” រំពឹងនឹងទទួល បាន ភ្ញៀវទេសចរសរុបមិនក្រោម ៥០ម៉ឺននាក់។

សកម្មភាពសំខាន់ៗក្នុងពិធីបុណ្យទន្លេ លើកទី៨ រួមមាន៖ ការសម្តែងសិល្បៈ ការប្រគំតន្ត្រី និងការបាញ់កាំជ្រួចអបអរសាទរ, មហោស្រពម្ហូបអាហារមេគង្គ និងមេគង្គបូក១, ការតាំង ពិព័រណ៍សមិទ្ធផល និងគម្រោងអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប, ការតាំងពិព័រណ៍ ផលិតផលទេសចរណ៍ និងផលិតផលទូទៅរបស់ខ្មែរ, ការតាំងពិព័រណ៍រូបភាពសត្វស្លាប និងគូរគំនូរ, យុទ្ធនាការសំអាតបរិស្ថានតាមក្រុង ស្រុកជាប់ទន្លេក្នុងខេត្តសៀមរាប, សិក្ខាសាលា ពង្រឹងគុណភាពផលិតផលនិងសេវាកម្មក្នុងឧស្សាហកម្មទេសចរណ៍ខេត្តសៀមរាប, ពិធីលែង កូនត្រី និងជិះទូករាជហង្សមេគង្គ និងមេគង្គបូក១ ។

ដោយឡែកចំពោះសកម្មភាពកីឡា រួមមាន៖ ការជិះកង់កម្សាន្តលក្ខណៈមហាជនជុំវិញ បរិវេណ អង្គរវត្ត, ការប្រកួតវាយកូនហ្គោល, ការជិះទូកកម្សាន្តលក្ខណៈមហាជន, កីឡាបាញ់ ធ្នូមហាជន មានការរៀបចំយុទ្ធនាការសំអាតបរិស្ថានតាមក្រុង ស្រុកជាប់ទន្លេក្នុងខេត្ត សៀមរាប និងការប្រឡង ប្រជែងអានអត្ថបទ និងស្មូតកំណាព្យ ក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ” ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner