លោក គីម ជុងអ៊ុន ដឹកនាំសមយុទ្ធកងទ័ពប៉ារ៉ា
ព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងនៅថ្ងៃសៅរ៍នេះចេញផ្សាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យសមយុទ្ធកងទ័ពប៉ារ៉ា ក្នុងគោលបំណងបង្ហាញពីសមត្ថភាពរបស់ទាហាន ហើយបានជំរុញឱ្យកងទ័ពត្រៀមលក្ខណៈសម្រាប់ការប្រយុទ្ធ បន្ទាប់ពីការធ្វើសមយុទ្ធរួមគ្នាប្រចាំឆ្នាំរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។
ទីភ្នាក់ងារសារព័ត៌មាន KCNA បានរាយការណ៍ថា ការធ្វើសមយុទ្ធកងទ័ពប៉ារ៉ាចុងក្រោយនេះរបស់កូរ៉េខាងជើង ដែលត្រួតពិនិត្យផ្ទាល់ដោយលោក គីម ជុងអ៊ុន ធ្វើឡើងក្នុងគោលបំណងពិនិត្យមើលការត្រៀមខ្លួនរបស់ទាហានប៉ារ៉ា សម្រាប់គម្រោងធ្វើប្រតិបត្តិការណាមួយ ក្នុងកាលៈទេសៈដ៏គួរឱ្យភ្ញាក់ផ្អើលនៃសម័យសង្គ្រាម និងវាយតម្លៃសមត្ថភាពរបស់ពួកគេ។
លោក គីម បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការអនុវត្តវិធីសាស្រ្តបណ្តុះបណ្តាលជាក់ស្តែង និងវិទ្យាសាស្រ្ត ដើម្បីសម្រេចបាននូវប្រសិទ្ធភាពប្រយុទ្ធអតិបរមានៅលើសមរភូមិជាក់ស្តែង តាមតម្រូវការនៃសង្គ្រាមសម័យទំនើប។ មេដឹកនាំកូរ៉េខាងជើងរូបនេះ ក៏បានបង្ហាញពីការពេញចិត្តជាខ្លាំង ចំពោះការត្រៀមលក្ខណៈរបស់កងទ័ពកូរ៉េខាងជើង ហើយក៏បានបញ្ជាផងដែរ ឱ្យមានការពង្រឹងការបណ្ដុះបណ្ដាលពីភូមិសាស្ត្រ អាកាសធាតុ ពេលវេលា និងលក្ខខណ្ឌលំបាកៗ។
ការធ្វើសមយុទ្ធរបស់កូរ៉េខាងជើងចុងក្រោយនេះ ធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានប្រកាសថា លោក គីម បានចូលបញ្ជារថក្រោះប្រយុទ្ធប្រភេទថ្មី ដែលកូរ៉េខាងជើងបានអះអាងថា មានកម្លាំងខ្លាំងបំផុតក្នុងពិភពលោក។ ហើយសមយុទ្ធនេះដែរ កើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងក្នុងសប្តាហ៍នេះ បានបញ្ចប់សមយុទ្ធ Freedom Shield ទ្រង់ទ្រាយធំប្រចាំឆ្នាំរបស់ពួកគេ ដែលពាក់ព័ន្ធនឹងការស្ទាក់ចាប់មីស៊ីល និងសមយុទ្ធវាយប្រហារតាមអាកាស ជាមួយនឹងចំនួនទាហានចូលរួមទ្វេដង បើធៀបនឹងឆ្នាំ២០២៣៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា





