Nissan ចាប់ដៃ Honda អភិវឌ្ឍន៍រថយន្តអគ្គិសនីប្រជែងចិន

តូក្យូ៖ ក្រុមហ៊ុន Nissan និង Honda បានប្រកាសថា ពួកគេកំពុងសិក្សាពីលទ្ធភាពបង្កើតភាពជាដៃគូ ដែលផ្តោតលើការផលិតរថយន្តអគ្គិសនី (EVs) ដើម្បីតាមឱ្យទាន់ដៃគូប្រជែងនៅចិន។

ក្រុមហ៊ុនផលិតរថយន្តយក្សទាំងពីររបស់ជប៉ុន បានប្រកាសបែបនេះនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ កាលពីថ្ងៃសុក្រសប្តាហ៍នេះ។ យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ភាពជាដៃគូរវាងក្រុមហ៊ុនទាំងពីរ នឹងផ្តោតលើបច្ចេកវិទ្យាដែលជួយពន្លឿនកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរក “អព្យាក្រឹតភាពកាបូន និងគ្មានការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍”។

សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ថា ដើម្បីពន្លឿនកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ឆ្ពោះទៅរកអព្យាក្រឹតភាពកាបូន និងគ្មានការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ក្រុមហ៊ុនផ្តោតសំខាន់លើសារៈសំខាន់ ក្នុងការពង្រឹងបច្ចេកវិទ្យាទាក់ទងនឹងបរិស្ថាន ក៏ដូចជាអគ្គិសនី និងការអភិវឌ្ឍន៍សូហ្វវែ។ ប្រធានក្រុមហ៊ុន Honda លោក Toshihiro Mibe និយាយថា ក្រុមហ៊ុនទាំងពីរនឹងស្វែងរកវិធានការកាត់បន្ថយការចំណាយ ហើយថា ការសម្រេចបាននូវប្រសិទ្ធភាពចំណាយ ទាមទារឱ្យមានកម្រិតផលិតកម្មកាន់តែច្រើន។

ចំណែកនាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន Nissan លោក Makoto Uchida និយាយថា ភាពជាដៃគូដ៏មានសារៈសំខាន់ ដែលយើងបានឈានដល់ការចុះកិច្ចព្រមព្រៀងនេះ គឺផ្អែកលើការយល់ដឹងពីគ្នាទៅវិញទៅមក ដែលថា ទាំង Honda និង Nissan កំពុងប្រឈមមុខនឹងបញ្ហារួមគ្នា។ លោក Uchida បានគូសបញ្ជាក់ថា យើងមិនមែនប្រកួតប្រជែងតែជាមួយអ្នកផលិតរថយន្តបែបប្រពៃណីទេ ប៉ុន្តែក៏ជាមួយនឹងក្រុមហ៊ុនផលិតរថយន្តទើបបង្កើតថ្មីផងដែរ។

លោកបន្ថែមទៀតថា យើងមិនអាចឈ្នះការប្រកួតប្រជែងបានទេ ដរាបណាយើងប្រកាន់ខ្ជាប់នូវវិធីសាស្ត្របែបប្រពៃណី។ ដូច្នេះយើងទន្ទឹងរង់ចាំការពិភាក្សាបន្ថែមទៀត និងមានបំណងស្វែងរកយុទ្ធសាស្រ្តឈ្នះ-ឈ្នះ សម្រាប់កំណើនប្រកបដោយចីរភាព។
នៅឆ្នាំ២០២១ ក្រុមហ៊ុន Honda បាននិយាយថា ខ្លួនកំពុងកំណត់គោលដៅលក់រថយន្តដែលមិនបញ្ចេញសារធាតុពុល ១០០ភាគរយ ជាពិសេសនៅអាមេរិកខាងជើងនៅឆ្នាំ២០៤០។

ទន្ទឹមគ្នា ក្រុមហ៊ុន Honda ក៏កំពុងព្យាយាមបង្កើនសមាមាត្រនៃការលក់រថយន្តអគ្គិសនី-អាគុយ (EV) និងរថយន្តអគ្គិសនី-សាំង (FCV) រហូតដល់ ៤០ភាគរយនៅឆ្នាំ២០៣០នៅទូទាំងពិភពលោក, ៨០ភាគរយនៅឆ្នាំ២០៣៥ និង១០០ភាគរយនៅឆ្នាំ២០៥០។ បច្ចុប្បន្នក្រុមហ៊ុនផលិតរថយន្តចិន បានក្តោបក្តាប់ចំណែកជាង ៥០ភាគរយ នៃទីផ្សារពិភពលោកសម្រាប់រថយន្តអគ្គិសនី (EV)៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner