អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បដិសេធការចោទប្រកាន់ទាំងបំពានដោយគ្មានហេតុផល គ្មានមូលដ្ឋានច្បាស់លាស់របស់គណបក្សកម្លាំងជាតិ

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់អំពីករណីឃាត់ខ្លួនឈ្មោះ មី សេងហ៊ (ហៅ គា វិសាល) គឺជាការអនុវត្តតាមវិធានការច្បាប់ ដោយពុំមានហេតុផលអ្វីផ្សេងពាក់ព័ន្ធដល់គំរាមកំហែង ឬ បំភិតបំភ័យ ដល់សកម្មជនគណបក្សនយោបាយណាមួយឡើយ និងបានបដិសេធ និងច្រានចោលទាំងស្រុងការចោទប្រកាន់ទាំងបំពាន ដោយគ្មានហេតុផល គ្មានមូលដ្ឋានច្បាស់លាស់របស់គណបក្សកម្លាំងជាតិ ដែលបានចុះផ្សាយ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ករណីឃាត់ខ្លួនឈ្មោះ មី សេងហ៊ (ហៅ គា វិសាល) ភេទប្រុស អាយុ ៥៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នជា អនុប្រធានបណ្តោះអាសន្នគណបក្សកម្លាំងជាតិ ខេត្តកំពង់ចាម ដូចតទៅ៖ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលពាក្យបណ្តឹងពីឈ្មោះ ម៉ៃ ហុងសៀង ប្តឹងម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Kea Visal មានឈ្មោះ មី សេងហ៊ (ហៅ គា វិសាល) ភេទ ប្រុស មុខរបរ អនុប្រធានបណ្តោះអាសន្នគណបក្សកម្លាំងជាតិ ខេត្តកំពង់ចាម អាសយដ្ឋានបច្ចុប្បន្ននៅផ្លូវបេតុង ភូមិកោះប៉ែន ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ក្រោយទទួលពាក្យបណ្ដឹងពីជនរងគ្រោះ សមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវ ប្រមូលភស្តុតាងព័ត៌មានជាក់លាក់ ពីបទញុះញង់បង្កឱ្យមានការរើសអើង និងជេរប្រមាថជាសាធារណៈ និងបានរាយការណ៍ សុំគោលការណ៍ពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ដោយទទួលបានការអនុញ្ញាតពី លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឱ្យចូលខ្លួន លេខ ១៧៥ អ.យ.ន ចុះថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៤ ពាក់ព័ន្ធសំណុំរឿងញុះញង់បង្កឱ្យមានការរើសអើង និងជេរប្រមាថជាសាធារណៈ ហើយសមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ មី សេងហ៊ (ហៅ គា វិសាល) ភេទប្រុស ជនជាតិខ្មែរ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម។ បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី។ ការឃាត់ខ្លួននេះ គឺសមត្ថកិច្ច អនុវត្តតាមវិធានការច្បាប់ ដោយពុំមានហេតុផលអ្វីផ្សេងពាក់ព័ន្ធដល់គំរាមកំហែង ឬ បំភិតបំភ័យដល់សកម្មជនគណបក្សនយោបាយណាមួយឡើយ។

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបដិសេធ និងច្រានចោលទាំងស្រុងការ ចោទប្រកាន់ទាំងបំពាន ដោយគ្មានហេតុផល គ្មានមូលដ្ឋានច្បាស់លាស់របស់គណបក្សកម្លាំងជាតិ ដែលបានចុះផ្សាយ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤៕
ដោយ៖ពលជ័យ

ads banner