ធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីរាជការនៃរដ្ឋបាលខេត្តរតនគិរី
អត្ថបទដោយ៖
គតិ យុត្ត
រតនគិរី៖ក្នុងសកម្មភាពធ្វើតេស្តរកសារធាតុញៀនលើថ្នាក់ដឹកនាំ មន្ត្រី រាជការ និងមន្ត្រីកិច្ចសន្យាទាំងអស់នៃរដ្ឋបាល ខេត្តរតនគិរីកាល ពីព្រឹក ថ្ងៃចន្ទទី១៨ ខែមីនា ឆ្នាំ២០២៤ លទ្ធភាពបង្ហាញថា ពុំបានរក ឃើញ សារធាតុញៀនលើមន្រ្តីណាម្នាក់ឡើយ ។
សូមជម្រាបថា តាមរយៈបទបញ្ជាលេខ ០១បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ វិធានការ ម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ។បទបញ្ជានេះក្នុងគោលបំណង លុបបំបាត់គ្រឿង ញៀនចេញពីសង្គម។
ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានផ្តាំផ្ញើដល់មន្ត្រី រាជការទាំងអស់មិនត្រូវពាក់ព័ន្ធនឹងគ្រឿងញៀនឡើយ ។ក្នុងករណី ធ្វើតេស្តរកឃើញមានពាក់ព័ន្ធនឹងគ្រឿងញៀននឹងចាត់វិធានការបណ្តេញចេញពីក្របខណ្ឌ៕
ដោយ៖ គតិ យុត្ត