ឯកឧត្តមបណ្ឌិត ថោង ខុន អញ្ជើញសម្ពោធឆ្លង សមិទ្ធផលនានា នៅ វត្តមង្គលវ័នជ្រង មានតម្លៃជិតកន្លះលានដុល្លារ
កំពង់ធំ៖វត្តមង្គលវ័នជ្រង ស្ថិតនៅស្រុកបារាយណ៍ កាលពីថ្ងៃ អាទិត្យ បានរៀបចំពិធីសម្ពោធឆ្លងសមិទ្ធផលនានាដែលមាន តម្លៃ ជាង ៤៥ម៉ឺន ដុល្លារអាមេរិក ក្រោមអធិបតី ភាព ឯកឧត្តមបណ្ឌិត ថោង ខុន ទេស រដ្ឋមន្រ្តីទទួលបេសកកម្មពិសេសតំណាងឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួកបន្ទុកទីស្តីការ គណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដា្ឋភិបាលចុះ មូល ដ្ឋាន ខេត្តកំពង់ធំ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ រួមទាំងព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះ សត្ថាបារមីព្រះ មេគណខេត្តកំពង់ធំ និងចៅអធិការវត្តមង្គលវ័នជ្រង ។
តាមការបញ្ជាក់របស់លោក អួង សារឿន អភិបាលស្រុកបារាយណ៍ សមិទ្ធផលនានានៅក្នុងវត្តមង្គលវ័នជ្រងដែលសម្ពោធឆ្លងមាន អគារ បណ្ណាល័យមួយខ្នង សាលាពុទ្ធិកបឋមសិក្សាមង្គលវ័នជ្រងមួយខ្នង ខ្លោងទ្វារចំនួនបី ឈាបនដ្ឋានចំនួនមួយ បង្គោលភ្លើង ៧២ដើម សួនត្រាស់ដឹង សួនផ្កាប្រវែង៣០០ម៉ែត្រ ផ្លូវបេតុងបីខ្សែប្រវែង១៧០ ម៉ែត្រ គ្រឿងបំពងសំឡេង និងបង្គោលសូឡា ។សរុបចំណាយ ទឹកប្រាក់ ៤៥០ ,៦២៧ដុល្លារ។
ក្នុងឱកាសនេះឯកឧត្តម បណ្ឌិត ថោង ខុន បានថ្លែងអំណរគុណ និងកោតសសើរចំពោះព្រះគ្រូចៅអធិការ វត្តមង្គលវ័នជ្រង និង សប្បុរសជនជិតឆ្ងាយទាំងអស់ដែលបានចូលរួមជាបច្ច័យ ដើម្បី កសាងសមិទ្ធជាប្រយោជន៍ទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រ នៅ ក្នុងវត្តមង្គលវ័នជ្រង ។លោកបន្ថែមថា នេះជាការចូលរួម លើក ស្ទួយវិស័យព្រះពុទ្ធសាសនា និងឆ្លុះបញ្ចាំងបង្ហាញ ឱ្យឃើញ ពីជំនឿយ៉ាងខ្ជាប់ខ្ជួនចំពោះព្រះពុទ្ធសាសនា៕
ដោយ៖ប៊ុន រដ្ឋា