អាកាសយានដ្ឋានបាត់ដំបង នឹងត្រូវអភិវឌ្ឍន៍ទៅជាលំដាប់ថ្នាក់៤C នាពេលឆាប់ៗខាងមុខ
បាត់ដំបង៖ជាខេត្តមួយស្ថិតក្នុងបញ្ជីប៉ូលសេដ្ឋកិច្ចភាគពាយ័ព្យនៃ ប្រទេស គណៈកម្មការអន្តរក្រសួង,អាជ្ញាធរខេត្ត បាត់ ដំបង ព្រម ទាំង ក្រុមការងារបច្ចេកទេសបានជួបប្រជុំគ្នានៅព្រឹកថ្ងៃចន្ទនេះដើម្បីពិនិត្យវាយតម្លៃនិងសិក្សាអំពីលទ្ធភាពស្ដារនិង អភិវឌ្ឍន៍ អាកាសយានដ្ឋាន បាត់ដំបងឱ្យក្លាយជាអាកាសយានដ្ឋានលំដាប់ថ្នាក់៤C នាពេលឆាប់ៗ ខាងមុខ។ ក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធភាពលើកការដឹកជញ្ជូន ផ្លូវអាកាស។

ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្ដីទទួលបន្ទុករដ្ឋលេខា ធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងជាប្រធានគណៈកម្មការ អន្តរ ក្រសួងបានប្រាប់កិច្ចប្រជុំនាសាលប្រជុំសាលាខេត្តពីគោលបំណងសំខាន់ដើម្បីពិនិត្យទៅលើការត្រៀមផ្សព្វផ្សាយនូវអនុក្រឹត្យរបស់រាជរដ្ឋាភិបាលស្ដីពីការធ្វើចំណាត់ថ្នាក់ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។គឺ ដីដែលមានទីតាំងស្ថិតក្នុងភូមិសាស្រ្ដក្រុងបាត់ដំបង និងស្រុកសង្កែ សម្រាប់អភិវឌ្ឍន៍អាកាសយានដ្ឋានបាត់ដំបងឱ្យក្លាយជាលំដាប់ថ្នាក់៤C និងការរៀបចំចុះដាំបង្គោលកំណត់ ព្រំខណ្ឌ បរិវេណដីអាកាសយាន ដ្ឋានបាត់ដំបងដែលមានស្រាប់និងបរិវេណដីដែលជាតម្រូវការក្នុងការពង្រីកបន្ថែម។ជាមួយគម្រោងការនេះ កិច្ចប្រជុំក៏បានលើកឡើង ដំណោះ ស្រាយនានា ជូនដល់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅអាស្រ័យផល ក្នុងបរិវេណអាកាសយានដ្ឋានបាត់ដំបង និងលើដីដែលត្រូវពង្រីក ។

នៅពេលដែលអាកាសយានដ្ឋានបាត់ដំបង ត្រូវបានអភិវឌ្ឍន៍ នឹង កាន់តែជួយលើកស្ទួយមុខមាត់របស់ខេត្តបាត់ដំបង ក៏ដូចជា លើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្ត បានកាន់ តែប្រសើរឡើងបន្ថែមមួយកម្រិតទៀត ។នេះបើតាម ឯកឧត្តម ម៉ៅ ហាវណ្ណាល់ បញ្ជាក់។

ឯកឧត្តមបណ្ឌិតក៏បានសំណូមពរដល់រដ្ឋបាលខេត្តបាត់ដំបង ឱ្យ ជួយសហការជាមួយក្រុមការងារអន្តរក្រសួង និងក្រុមការងារ បច្ចេកទេសដើម្បីធ្វើយ៉ាងណាពន្លឿនការសិក្សាវាយតម្លៃពីការដោះស្រាយបញ្ហាប្រឈមនានា ដើម្បីសំដៅធ្វើយ៉ាងណា ឱ្យ ដំណើរការបោះ បង្គោលកំណត់ព្រំខណ្ឌការពង្រីកអាកាសយានដ្ឋាននិងការដោះស្រាយផលប៉ះពាល់ជូនដល់ប្រជាពលរដ្ឋ ប្រព្រឹត្តទៅដោយរលូន។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានត្រេកអរចំពោះការ អភិវឌ្ឍនិងលើកកម្រិតថ្នាក់អាកាសយានដ្ឋានបាត់ដំបង។ក្នុង នាម រដ្ឋបាលខេត្តបាត់ដំបងឯកឧត្តមត្រៀមខ្លួនសម្រាប់កិច្ចសហការជាមួយក្រុមការងារអន្តរក្រសួង និង ក្រុមការងារបច្ចេកទេស ដើម្បីធ្វើឱ្យ ដំណើរ ការសិក្សាពីការអភិវឌ្ឍអាកាសយានដ្ឋានបាត់ដំបង បានប្រព្រឹត្តទៅ យ៉ាង រលូននិងជោគជ័យ។

សូមរំលឹកថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា កាល ពីថ្ងៃទី ១០ ខែវិច្ឆិកាឆ្នាំ២០២៣ បានចេញអនុក្រឹត្យស្ដីពី ការធ្វើ ចំណាត់ថ្នាក់ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋដីដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបងនិងស្រុក សង្កែ ខេត្តបាត់ដំបង សម្រាប់អភិវឌ្ឍអាកាសយានដ្ឋានបាត់ដំបងលំដាប់៤Cដោយមានរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលជាអាជ្ញាធរ កាន់កាប់ ។
អាកាសយានដ្ឋានខេត្តបាត់ដំបងឬ ដែលនិយមហៅរត់មាត់ថា ព្រលាន យន្តហោះបែកចាន បានចាប់ផ្តើម ប្រតិបត្តិការ នៅ ឆ្នាំ១៩៦៨។ បច្ចុប្បន្នជាមូលដ្ឋានទ័ពអាកាស។ព្រលាននេះមិនសូវមានសកម្មភាពទេ ដោយមានត្រឹមតែការហោះហើរចុះចតដោយយន្តហោះឯក ជនខ្នាត តូចម្តងម្កាលតែប៉ុណ្ណោះ៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប




