មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ជំរុញដល់យោធិនគ្រប់រូបត្រូវបន្តអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាលក៏ដូជាក្រសួងសុខាភិបាលពាក់ព័ន្ធ ជំងឺឆ្លង

កណ្តាល៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម បានជំរុញដល់យោធិនគ្រប់រូបនៃទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាលត្រូវបន្តអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលពាក់ព័ន្ធទៅនិងជំងឺឆ្លងផ្សេងៗ ក្នុងនោះមានដូចជាជំងឺអេដសន៍ ជំងឺកូវីដ១៩ ជំងឺអ៊ុតស្វា និងជំងឺផ្តាសាយបក្សីជាដើម ។

ឯកឧត្តម មេបញ្ជាការ បន្ថែមថា ចំពោះជំងឺអេដសន៍គឺនៅតែមានអត្រាឆ្លងសំរាប់នៅកម្ពុជា ហេតុដូច្នេះ នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងតំបន់ប្រតិបត្តិការសឹករងកណ្តាល រួមជាមួយនិងក្រុមគ្រួសារ សាច់ញាតិ ត្រូវបន្តយកចិត្តទុកដាក់ឱ្យបានខ្ពស់ និងចូលរួមឱ្យបានកាន់តែសកម្មថែមទៀត ជាមួយរាជរដ្ឋាភិបាល ដើម្បីបញ្ចៀសហានិភ័យខាងលើឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា ក្នុងដំណើរឆ្ពោះទៅបញ្ចប់ការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍នាឆ្នាំ២០២៥ ។

ការលើកឡើងរបស់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ធ្វើឡើងកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពពិធី ផ្សព្វផ្សាយអប់រំសុខភាព ស្តីពី ជំងឺឆ្លង ផ្សេងៗ ជូននាយទាហាន នាយទាហានរង ពលទាហាន និង គ្រួសារកងទ័ព នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល។ ពិធីនេះ មានការចូលរួមពីមេបញ្ជាការរង មេបញ្ជាការក្រុង/ស្រុក វរៈ នាយការិយាល័យផ្នែក ដែលមានអ្នកចូលរួមសរុប ៧៦នាក់។

ឯកឧត្តម មេបញ្ជាការបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា នៅតែចាត់ទុកការងារប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជា ជាអាទិភាពខ្ពស់មួយ ដូចមានចែងនៅក្នុង កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា និងការប្តេជ្ញាចិត្តដ៏មុតមាំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលុបបំបាត់អេដស៍នៅឆ្នាំ២០២៥, ជាពិសេសដូចបានចែងក្នុងបញ្ចកោណទី១ នៃយុទ្ធសាស្ត្របញ្ចកោណ ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ កសាងសេដ្ឋកិច្ចគ្រួសារ សហគមន៍ និងប្រទេសជាតិឲ្យមានការរីកចម្រើន ឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា»។

ឯកឧត្តម បញ្ជាក់បន្ថែមថា ទោះជាយ៉ាងនេះក្ដី ប្រសិនបើយើងភ្លេចខ្លួន និងធ្វេសប្រហែស ការឆ្លងរាលដាលមេរោគអេដស៍នឹងអាចផ្ទុះឡើងវិញ ដែលពិបាកនឹងគ្រប់គ្រងជាងមុនទៅទៀត។ ជាពិសេស ការផ្ទុះឡើងនៅក្នុងចំណោម ប្រជាជនប្រឈមមុខខ្ពស់រួមមាន ក្រុមបុរសរួមភេទជាមួយបុរស ក្រុមបំប្លែងភេទ ក្រុមស្រ្តីបម្រើការងារក្នុងកន្លែងកម្សាន្តសប្បាយ ក្រុមយុវវ័យ ក្រុមអ្នកប្រើប្រាស់ និងចាក់គ្រឿងញៀនជាដើម។

គួរបញ្ចាក់ផងដែរថា នៅក្នុងពិធី ផ្សព្វផ្សាយអប់រំសុខភាព ស្តីពី ជំងឺឆ្លង ផ្សេងៗ ជូននាយទាហាន នាយទាហានរង ពលទាហាន និង គ្រួសារកងទ័ព នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ក្រុមគ្រូពេទ្យយោធាប្រចាំទីបញ្ជាការ បានឡើងធ្វើបទបង្ហាញពីប្រភេទនៃជំងឺឆ្លង វិធីបង្ការ ទប់ស្កាត់ ពាក់ព័ន្ធទៅនិងជំងឺអេដសន៍ ជំងឺអ៊ុតស្វា ជំងឺផ្តាសាយបក្សី និងជំងឺកូវីដ១៩ ដើម្បីឱ្យទាហានយើងយល់ដឹងកាន់តែច្បាស់បន្ថែមទៀតបង្ការទប់ស្កាត់ទាំងអស់គ្នា កុំឱ្យឆ្លងរីករាលដាលបន្តទៀត ដែលនាំឱ្យប៉ះពាល់ដល់គ្រួសារ និងសង្គមជាតិជាដើម យោងតាមរបាយការណ៍បានឱ្យដឹងថា អត្រាចម្លងមេរោគអេដស៍ពីម្តាយទៅកូនមានប្រមាណ៩,៩% ក្នុងឆ្នាំ២០២២ ដែលជាអត្រាខ្ពស់មួយដែលត្រូវយកចិត្តទុកដាក់។ ការឆ្លងមេរោគអេដស៍ ក្នុងចំណោមអ្នកប្រើប្រាស់គ្រឿងញៀនទូទៅមានអត្រា៤% នៅឆ្នាំ២០១២ និងអត្រាប្រមាណ៥,៧% ក្នុងឆ្នាំ២០១៧៕
ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner