២០២៤ ជាឆ្នាំកំណត់ត្រាក្តៅបំផុតថ្មីមួយទៀត

បរទេស៖ អង្គការសហប្រជាជាតិ ហៅកាត់ UN កាលពីថ្ងៃអង្គារ បានប្រកាសអាសន្ន ក្រហម ជាមួយនឹងកំណត់ត្រាកំដៅថ្មីទៀត ដែលទំនងជាកើតមាន នៅឆ្នាំ២០២៤។

លោកស្រី Celeste Saulo អគ្គលេខាធិការនៃអង្គការឧតុនិយមពិភពលោក ហៅកាត់ WMO របស់ UN បានព្រមានបែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន នៅឯទីក្រុងហ្សឺណែវ។

លោកស្រីបានលើកឡើងថា «ជាការសោកស្តាយមួយ ដែលកាលពីឆ្នាំ២០២៣ បានបង្កើតកំណត់ត្រាថ្មី លើការឡើងកម្តៅខ្លាំង។ ប៉ុន្តែ ពេលនេះ យើងកំពុងប្រកាសអាសន្នក្រហម ថែមទៀត»។

នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ អំពីស្ថានភាពអាកាសធាតុរបស់ខ្លួន អង្គការ WMO បង្ហាញថា ឆ្នាំ ២០២៣ គឺជាឆ្នាំក្តៅបំផុត ដែលមិនធ្លាប់មាន។ សីតុណ្ហភាពលើពិភពលោក ជាមធ្យម គឺ ១.៤៥ អង្សាសេ លើសពីកម្រិតមុនឧស្សាហកម្ម ខណៈដែលកម្រិតគ្រោះថ្នាក់បំផុត គឺ១.៥ អង្សាសេ។ ប្រទេសនានាបានព្រមព្រៀងរួមគ្នា ប្រឹងប្រែងចៀសវាងកម្រិតនេះ តាមរយៈកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ឆ្នាំ២០១៥។

ប្រធានឃ្លាំមើលអាកាសធាតុរបស់ WMO លោក Omar Baddour បានប្រាប់អ្នកយកព័ត៌មានថា « មានប្រូបាប៊ីលីតេខ្ពស់ ដែលថា ឆ្នាំ២០២៤ នឹងបំបែកកំណត់ត្រា លើសឆ្នាំ២០២៣»៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner