ឯកឧត្តមរដ្ឋមន្តី សុខ សូកេន៖ កំណើនទេសចរបរទេស នឹងអាចវិលទៅរកស្ថានភាពដូច មុនកូវីដ-១៩ គ្រាដែលខិតខំទាក់ទាញពីទីផ្សារចិន-ឥណ្ឌា
ភ្នំពេញ៖ ឯកឧត្តម រដ្ឋមន្រ្តី សុខ សូកេន បង្ហាញការជឿជាក់ថា ចរន្តទេសចរបរទេសចូលមកកម្សាន្តនៅកម្ពុជា នឹងអាចវិលទៅរកស្ថានភាពដូចមុនការរាតត្បាតជំងឺកូវីដ-១៩ឡើងវិញ គ្រាដែលរាជរដ្ឋាភិបាល វិស័យឯកជន ភាគីពាក់ព័ន្ធ ព្រមទាំងអ្នកសារព័ត៌មាន ខិតខំរួមគ្នា ក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងផលិតផលទេសចរណ៍ថ្មីៗ។
ឯកឧត្តម រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្រសួងទេសចរណ៍ ដែលជាសេនាធិការ របស់រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្រ្ត«បង្កើន៥ និងអភិវឌ្ឍន៍៣» ដើម្បីជំរុញវិស័យទេសចរណ៍កម្ពុជាឆ្ពោះទៅកាន់អនាគតថ្មី ដោយឈរលើគោលការណ៍គ្រឹះ «ទេសចរណ៍ផ្សារភ្ជាប់ទឹក ដី និងធម្មជាតិ»។
យុទ្ធសាស្រ្តថ្មីនេះ សំដៅធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍សកលឈានមុខប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្ដៅ ក្នុងការរួមចំណែកលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា។ យុទ្ធសាស្ត្រចំនួន៣ ដែលត្រូវបានកំណត់រួមមាន៖ ភាពប្រកួតប្រជែងទេសចរណ៍, ចីរភាពទេសចរណ៍, និងបរិយាបន្នទេសចរណ៍។
ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំឡើងដោយក្លឹបអ្នកកាសែតកម្ពុជា ដើម្បីជំរុញការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ក្នុងខេត្តសៀមរាប កាលពីចុងសប្តាហ៍នេះ។
ឯកឧត្តម សុខ សូកេន បញ្ជាក់បន្តថា លំហូរទេសចរបរទេស ដែលនឹងជួយជំរុញកំណើនមកកាន់កម្ពុជា គឺមកពីទីផ្សារប្រទេសចិន និងឥណ្ឌា បន្ថែមលើទេសចរមកពីអឺរ៉ុប អាមេរិក និងប្រទេសក្នុងតំបន់អាស៊ាន ដោយសាររាជរដ្ឋាភិបាល បានកំណត់យកឆ្នាំ២០២៤ ជាឆ្នាំ នៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនកម្ពុជា-ចិន និងឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌា តាមរយៈការបើកជើងហោះហើរត្រង់។
ឯកឧត្តម ថ្លែងថា «ទីផ្សារចិន និងឥណ្ឌា គឺជាទីផ្សារទេចរណ៍អាទិភាពរបស់ប្រទេសកម្ពុជា ហើយដើម្បីទាក់ទាញភ្ញៀវវទេសចរឥណ្ឌា ចូលមកក្នុងប្រទេសកម្ពុជាបានច្រើន រាជរដ្ឋាភិបាលនឹងបើកជើងហោះហើរត្រង់ពីកម្ពុជា ទៅទីកាន់ក្រុងញូដេលី នៅថ្ងៃទី១៦ ខែមិថុនាខាងមុខនេះ»។
ផលិតផលទេសចរណ៍ថ្មីៗ ដែលត្រូវបានបង្កើតឡើងបន្ថែមលើការចូលទស្សនាប្រាង្គប្រាសាទបុរាណមានដូចជា៖ ឧទ្យានទស្សនាពពួកមច្ឆជាតិ និងសត្វព្រៃ Angkor Wildlife & Aquarium, ការជិះកន្រ្តកកម្ពស់៨០ម៉ែត្រមើលជុំវិញក្រុងសៀមរាប, ការជិះរទះគោ, ដំណើរទេសចរណ៍ដោយដោយជិះរថយន្តJEEPទៅកាន់សហគមន៍ទេសចរណ៍ក្នុងខេត្តសៀមរាបដូចជា៖ សហគមន៍ទេសចរធម្មជាតិកំពង់ភ្លុក តំបន់ទេសចរណ៍ភូមិព្រះដាក់ដែលនៅរក្សានូវវប្បធម៌ប្រពៃណីតំាងពីជូនតាមានជាអាទិ៍ធ្វើសិប្បកម្មដោយដៃ និងម្ហូបអាហារប្រចាំតំបន់ និងបង្អែមខ្មែរ ជាដើម ។
កាលពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០២៤ ក្លឹបអ្នកកាសែតកម្ពុជា ដឹកនាំដោយ លោក ពុយ គា បានរៀបចំដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ទៅកាន់តំបន់សក្តានុពលទេសចរណ៍នានាក្នុងខេត្តសៀមរាប ដើម្បីជួយផ្សព្វផ្សាយពីទីតាំងរមណីយដ្ឋាន និងផលិតផលទេសចរណ៍ថ្មីៗ ឱ្យអ្នកទេសចរក្នុងស្រុក និងក្រៅស្រុក បានដឹងកាន់តែទូលំទូលាយ គាំទ្រដល់ការជួយជំរុញការផ្សព្វផ្សាយរបស់សារព័ត៌មានជាតិ-អន្តរជាតិ ដើម្បីជាការចូលរួមចំណែកផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់កម្ពុជាទៅកាន់ទីផ្សារពិភពលោក៕
អត្ថបទ ង៉ាន់ ទិត្យ
រូបភាព សួង ពិសិដ្ឋ







