កំពង់ផែទេសចរណ៍ តម្លៃ ១,៦លានដុល្លារ នៅកោះទន្សាយ នឹងស្វាគមន៍ភ្ញៀវឆាប់ៗ

កែប៖ មិនយូរប៉ុន្មានភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តនៅ ខេត្ត កែប ហើយនិយមទៅគយគន់ទេសភាព មុជទឹករងថ្លា ឆ្លុះដល់បាតដី , សំដិលខ្លួនលើឆ្នេរខ្សាច់ម៉ត់ផង់នៃ កោះទន្សាយ នឹងបានសំចតលើកំពង់ផែទេសចរណ៍ថ្មីដែលបង្ហាញវត្តមាននៅ ច្រាំងនៃកោះនេះ ខណៈបច្ចុប្បន្នកំពុងដំណើរការសាង សង់ទៅតាមផែនការនិងពេលវេលាកំណត់ ។

ក្រោមគម្រោងកម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)តម្លៃ១,៦លានដុល្លារអាមេរិក គិតមកដល់ពេលនេះសម្រេច ការសាង សង់ប្រមាណ៩០ភាគរយហើយ។តាមរយៈគម្រោង នេះនឹងធ្វើឱ្យកោះទន្សាយក្លាយទៅជាទិសដៅទេសចរណ៍ដ៏សំខាន់និងប្រកបដោយប្រណិតភាព។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបកាលពីថ្ងៃ អង្គារបាន ដឹកនាំក្រុមការងារទៅពិនិត្យវឌ្ឍនភាពនៃការដ្ឋានសាងសង់ កំពង់ផែទេសចរណ៍លើកោះទន្សាយ។ការអញ្ជើញ ទៅរបស់ លោកជាមួយនឹងក្តីរំពឹងខ្ពស់ចំពោះវត្តមានកំពង់ផែដែលមានលក្ខណៈស្តង់ដារសម្រាប់បម្រើឱ្យវិស័យទេសចរណ៍ក៏ដូចជាការដឹកជញ្ជូន,ការសម្រួលដល់ការរស់នៅរបស់ប្រជាជននៅលើដែនកោះមួយនេះ។ឯកឧត្តមបញ្ជាក់ថានេះសមិទ្ធផលជាប្រវត្ថិសាស្រ្តរបស់ខេត្តកែប។សមិទ្ធិនេះបានជួយលើកកម្ពស់វិស័យទេសចរណ៍របស់ ខេត្តកែបជាពិសេសសម្រាប់ប៉ូលអភិវឌ្ឍន៍ទេសចរណ៍តំបន់ប្រជុំកោះទាំងនេះដែលស្ថិតក្នុង“ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្ត កែបឆ្នាំ២០២៣-២០៣៥” ក្នុងការប្រែក្លាយខេត្តកែបជា គោលដៅទេសចរណ៍ធម្មជាតិនិងសមុទ្រសម្រាកកម្សាន្តបែប ប្រណិតកម្រិតខ្ពស់។

គប្បីជម្រាបជូនថា ខេត្តកែបជាខេត្តមួយស្ថិតក្នុងចំណោមខេត្ត ជាប់សមុទ្រ ទាំងបួនដែលប្រសិទ្ធនាមថា “តារារះទិសនិរតី” របស់កម្ពុជា ។ក្នុងនេះមានខេត្តកែប កំពត ព្រះសីហនុ និងខេត្ត កោះកុង។ជាខេត្តដែលបានប្រារព្ធបុណ្យសមុទ្រកាល ពីចុង ឆ្នាំទៅមិញដោយស្រូបបានភ្ញៀវទេសចរជាតិនិងអន្តរជាតិ រាប់ សែននាក់ចូលរួម៕
អត្ថបទនិងរូបភាព៖សិលា សារិន

ads banner