សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតចូលរួមអបអរសាទរ និងជូនពរឯកឧត្តម វ្ល៉ាឌីមៀ ពូទីន ដែលបន្ដជាប់ឆ្នោតជា ប្រធានាធិបតីសហព័ន្ធរុស្ស៊ីជាថ្មី
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បានផ្ញើសារលិខិតផ្លូវការ ដើម្បីចូលរួមអបអរសាទរ និងជូនពរឯកឧត្តម វ្ល៉ាឌីមៀ ពូទីន ដែលបន្ដជាប់ឆ្នោតជា ប្រធានាធិបតីសហព័ន្ធរុស្ស៊ីជាថ្មី ។
ក្នុងសារលិខិត សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា ខ្ញុំសូមគោរពជូនពរ ឯកឧត្តម ក្នុងឱកាសដែល ឯកឧត្តម បានជាប់ឆ្នោតជាថ្មីជាប្រធានាធិបតីនៃ សហព័ន្ធរុស្សីសម្រាប់អាណត្តិទី៥ ។
សម្ដេចតេជោបានបន្តថា កម្ពុជា វាយតម្លៃខ្ពស់ និងរីករាយសាទរយ៉ាងជ្រាលជ្រៅ ចំពោះចំណងមិត្តភាពជាប្រពៃណី និង ស្និទ្ធស្នាលជាមួយសហព័ន្ធរុស្ស៊ី ដែលត្រូវបានបង្កើតឡើង ក្នុងស្មារតីនៃការគោរព និងការយោគយល់គ្នា ការប្រកាន់គុណតម្លៃរួមគ្នា និងផលប្រយោជន៍រួម ។
សម្ដេចបន្ថែមថា អស់រយៈពេលជិតប្រាំពីរទស្សវត្សកន្លងមកនេះ ប្រទេស យើងទាំងពីរ បានរក្សានូវទំនុកចិត្តនយោបាយទៅវិញទៅមក ដែលជាមូលដ្ឋានគ្រឹះនៃការគាំទ្រដល់ទំនាក់ ទំនងរវាងរដ្ឋយើង ហើយបានសាយភាយយ៉ាងទូលំទូលាយ ទៅគ្រប់វិស័យ នៃកិច្ចសហប្រតិបត្តិការ។
ក្នុងតួនាទីជាប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន សូមបញ្ជាក់អំពីការត្រៀមខ្លួន ក្នុងការធ្វើការយ៉ាងជិតស្និទ្ធ ជាមួយឯកឧត្តម និងសហការី ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងគណបក្សកាន់អំណាច និងស្ថាប័នរដ្ឋ របស់យើងដើម្បីជាឧត្តមប្រយោជន៍រួម សម្រាប់ប្រជាជាតិ និងប្រជាជនរបស់យើង ។
សម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា សូមគោរពជូនពរ ឯកឧត្តម ទទួលបាននូវភាពជោគជ័យធំធេង និងវិបុលភាព ក្នុងការបំពេញភារកិច្ចដ៏ឧត្តុងឧត្តមរបស់ ឯកឧត្តម ។
សូមជម្រាបថា យោងតាមប្រភពពី AFP បានឱ្យដឹងថា រុស្ស៊ី ទើបញ្ចប់ការបោះឆ្នោត ជ្រើសរើសប្រធានាធិបតី រយៈពេល៣ថ្ងៃ ពីថ្ងៃទី១៥ ដល់១៧ ខែមីនា។ អង្គបោះឆ្នោត មានជាង១១២លាននាក់ ដែលបានបោះឆ្នោតទាំងក្នុងប្រទេស និងក្រៅប្រទេសតាមអនឡាញ។
លទ្ធផលបឋមបានបង្ហាញថា លោក Putin នឹងបន្តជាប់ឆ្នោត ធ្វើជាប្រធានាធិបតីរុស្ស៊ី សម្រាប់អាណត្តិទី៥ របស់ខ្លួន ហើយលោកនឹងក្លាយជាមេដឹកនាំរុស្ស៊ី យូរបំផុត មិនធ្លាប់មាន ក្នុងពេល២០០ឆ្នាំមកនេះ។ លោក ពូទីន បានជាប់ឆ្នោតជាប្រធានា ធិបតីដំបូង កាលពីឆ្នាំ២០០០។ លោកផ្តើមមានឥទ្ធិពលខ្លាំង កាលពីឆ្នាំ១៩៩៨ ដោយពេលនោះ លោកក្លាយជាប្រធានទីភ្ងាក់ងារចារកម្ម។
គ្រាន់តែដឹងលទ្ធផលភ្លាម លោក Putin បានអរគុណដល់ទាហាន ចំពោះអ្វីដែល លោកហៅថា «ការការពារជាតិ» ករណីសង្គ្រាម ជាមួយអ៊ុយក្រែន។ លោក Putin ធ្លាប់បានប្តេជ្ញាថា កងទ័ពរបស់លោក នឹងប្រយុទ្ធ រហូតដល់ទីបញ្ចប់ ៕
ដោយ ៖ វណ្ណលុក

