រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ ក្នុងសម័យបរិវត្តន៍កម្មឌីជីថលនេះ វិស័យកសិកម្មត្រូវធ្វើ ទំនើប កម្ម តាមឱ្យទាន់សម័យកាល កាត់បន្ថយការចំណាយ និងមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បានអនុញ្ញាតអោយគណៈប្រតិភូក្រុមហ៊ុនចិន China Siwei Surveying and Mapping Technology Co.,Ltd ចូលរួមសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម ។
បន្ទាប់បានទទួលស្តាប់ការធ្វើបទបង្ហាញ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវចំណាប់អារម្មណ៍លើបច្ចេកវិទ្យាថ្មីនេះ និងបានបង្ហាញពីតម្រូវការរបស់ក្រសួង ដែលចង់បានបច្ចេកវិទ្យាសម្រាប់ការគ្រប់គ្រងធនធានធម្មជាតិ និងអភិវឌ្ឍវិស័យកសិកម្ម ឱ្យកាន់តែមានភាពងាយស្រួល រហ័ស ជាក់លាក់ និងមានប្រសិទ្ធភាពការងារខ្ពស់។
បើតាម ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ក្នុងសម័យបរិវត្តន៍កម្មឌីជីថលនេះ វិស័យកសិកម្មត្រូវធ្វើទំនើបកម្ម តាមឱ្យទាន់សម័យកាល កាត់បន្ថយការចំណាយ និងមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា បច្ចេកវិទ្យាបង្កភាពងាយស្រួល មានភាពច្បាស់លាស់ និងបង្កើនប្រសិទ្ធភាពការងារកាន់តែប្រសើរលើការគ្រប់គ្រងទិន្នន័យ ការព្យាករណ៍ ការប្រៀបធៀបការវិវត្តផ្សេងៗតាមឆ្នាំនីមួយៗនៅទូទាំងប្រទេស ដើម្បីបង្ការ និងអន្តរាគមន៍ក្នុងការគ្រប់គ្រង និងកាត់បន្ថយហានិភ័យនានាបង្កឡើងដោយគ្រោះធម្មជាតិដូចជាទឹកជំនន់ ខ្យល់ព្យុះ និងរាំងស្ងួត ទៅតាមអនុវិស័យនីមួយៗជាអាទិ៍ព្រៃឈើ ជលផលទាំងទឹកសាបនិងទឹកទឹកប្រៃ និងកសិកម្ម ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពបំផុត៕
ប្រភព ៖ ក្រសួងកសិកម្ម
![](https://asset.ams.com.kh/central/media/2024/03/photo_2024-03-20_10-21-26-1024x576.jpg)
![](https://asset.ams.com.kh/central/media/2024/03/photo_2024-03-20_10-21-18-1024x576.jpg)
![](https://asset.ams.com.kh/central/media/2024/03/photo_2024-03-20_10-21-20-1024x576.jpg)
![](https://asset.ams.com.kh/central/media/2024/03/photo_2024-03-20_10-21-25-1024x576.jpg)
![](https://asset.ams.com.kh/central/media/2024/03/photo_2024-03-20_10-21-24-1024x576.jpg)
![](https://asset.ams.com.kh/central/media/2024/03/photo_2024-03-20_10-21-23-1024x576.jpg)
![](https://asset.ams.com.kh/central/media/2024/03/photo_2024-03-20_10-21-22-1024x576.jpg)