អាមេរិកលក់រថក្រោះ ២.២ពាន់លានដុល្លារ ឲ្យបារ៉ែន ទប់ទល់នឹងអ៊ីរ៉ង់

សេតវិមានអាមេរិកនៅ ថ្ងៃអង្គារ បានអនុម័តការលក់រថក្រោះប្រយុទ្ធកម្រិតខ្ពស់ ដែលមានទឹកប្រាក់ ២,២ពាន់លានដុល្លារអាមេរិក ឱ្យទៅប្រទេសបារ៉ែន ដែលជាសម្ព័ន្ធមិត្ត ប្រចាំនៅឈូងសមុទ្រអារ៉ាប់។

ប្រទេសមួយនេះ ធ្លាប់ត្រូវបានអាមេរិក ដាក់ទណ្ឌកម្មហាមការលក់ដូរអាវុធ ជុំវិញការបង្រ្កាបលើក្រុមនិកាយស៊ីអ៊ីត កន្លងមក។ ប៉ុន្តែ ការលក់ជាថ្មីនេះ បានកើតមានឡើង ក្រោយពេលដែលប្រទេសជាកោះតូចមួយនេះ កំពុងមានភាពតានតឹង ជាមួយអ៊ីរ៉ង់ ។

ក្រសួងការបរទេសអាមេរិកបានជូនដំណឹងដល់សភា ពីការត្រៀមរួចជាស្រេច ក្នុងការលក់រថក្រោះ ប្រភេទ M1A2 Abrams ចំនួន៥០ គ្រឿង ឲ្យបារ៉ែន ហើយជាទូទៅ រថក្រោះប្រភេទនេះត្រូវបានប្រើប្រាស់ ក្នុងសង្គ្រាមដីគោក។ Abrams ស្ថិតក្នុងចំណោមរថក្រោះធុនធ្ងន់បំផុត ក្នុងពិភពលោក ហើយគឺជារថក្រោះយុទ្ធសាស្ត្រ របស់អាមេរិក។

សេចក្តីថ្លែងការណ៍របស់ក្រសួងនិយាយថា «ការលក់នេះនឹងធ្វើអោយប្រសើរឡើងនូវសមត្ថភាពរបស់ប្រទេសបារ៉ែនក្នុងការទប់ទល់នឹងការគំរាមកំហែង នាពេលបច្ចុប្បន្ន និងអនាគត សម្រាប់ការរារាំងសត្រូវ និងផ្តល់នូវសមត្ថភាពចូលរួមប្រតិបត្តិការក្នុងតំបន់ ជាមួយអាមេរិក និងប្រទេសជាដៃគូផ្សេងទៀត របស់អាមេរិក» ។

បារ៉ែនគឺជាមូលដ្ឋានកងនាវាចរ ទីប្រាំ របស់កងទ័ពជើងទឹកអាមេរិក ហើយត្រូវបានចាត់ថ្នាក់ជាសម្ព័ន្ធមិត្តដ៏សំខាន់ ជាមួយសហរដ្ឋអាមេរិក មិនមែន ណាតូ។ ខុសប្លែកពីគេ ក្នុងចំណោមប្រទេសអារ៉ាប់ បារ៉ែនបានចុះហត្ថលេខាធ្វើជាសមាជិកនៃក្រុមចម្រុះដឹកនាំដោយអាមេរិក និងអង់គ្លេស តាមប្រមាញ់ពួកឧទ្ទាមហ៊ូធី ដែលគេជឿថា មានអ៊ីរ៉ង់គាំទ្រពីក្រោយ ជុំវិញភាពតានតឹងនៅសមុទ្រក្រហម។

យ៉ាងណាក៏ដោយ ការលក់រថក្រោះឲ្យបារ៉ែននេះ ត្រូវឆ្លងកាត់ការអនុម័តពីសភាអាមេរិក ជាមុនសិន ប៉ុន្តែ កិច្ចព្រមព្រៀងលក់អាវុធ ភាគច្រើន តែងតែត្រូវបានសភាអាមេរិកផ្តល់សច្ចាប័នឲ្យ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner