ការប្រើប្រាស់ថ្នាំរំលូតកូនកើនឡើងខ្លាំងនៅសហរដ្ឋអាមេរិក

វ៉ាស៊ីនតោន៖ ការរំលូតកូនដោយជម្រើសប្រើប្រាស់ថ្នាំបានកើនឡើងរហូតដល់ ៦៣ភាគរយ នៅចន្លោះឆ្នាំ២០២០ និង២០២៣ នៅក្នុងសហរដ្ឋអាមេរិក នេះបើយោងតាមការវិភាគដែលបានចេញផ្សាយមុនសវនាការរបស់តុលាការកំពូល ស្តីពីការរឹតបន្តឹងការប្រើប្រាស់ថ្នាំរំលូតកូន។

ការស្រាវជ្រាវដែលផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃអង្គារ ដោយវិទ្យាស្ថាន Guttmacher ដែលធ្វើយុទ្ធនាការសម្រាប់សិទ្ធិរំលូតកូន បានបញ្ជាក់ថា ការប្រើប្រាស់ថ្នាំដើម្បីរំលូតកូននៅក្នុងសហរដ្ឋអាមេរិក បានកើនឡើងរហូតដល់ ៦៣ភាគរយកាលពីឆ្នាំ២០២៣ តួលេខនេះកើនឡើងចំនួន១០ភាគរយ បើធៀបនឹងឆ្នាំ២០២០ មានត្រឹម ៥៣ភាគរយ។

វិទ្យាស្ថាន Guttmacher បន្ថែមថា ការប្រើប្រាស់ថ្នាំ ជាជាងការវះកាត់ដើម្បីបញ្ចប់ការមានផ្ទៃពោះ បានកើនឡើងជាលំដាប់ ចាប់តាំងពីរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានអនុម័តឱ្យប្រើប្រាស់ថ្នាំរំលូតកូន mifepristone នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០០០។

កាលពីដើមខែនេះ ហាងឱសថអាមេរិកធំៗចំនួនពីរ គឺ Walgreens និង CVS បានប្រកាសថា ពួកគេនឹងចាប់ផ្តើមចែកចាយថ្នាំ mifepristone នៅក្នុងរដ្ឋដែលចាត់ទុកការប្រើប្រាស់ថ្នាំរំលូតកូនជារឿងស្របច្បាប់ រួមទាំងញូវយ៉ក និងកាលីហ្វ័រញ៉ា។

ការប្រកាសនេះដែរ កើតឡើងបន្ទាប់ពីតុលាការកំពូលអាមេរិកបានលុបចោលសិទ្ធិរំលូតកូនទូទាំងប្រទេសនៅឆ្នាំ២០២២ ប៉ុន្តែបានអនុញ្ញាតឱ្យរដ្ឋនីមួយៗអនុម័តច្បាប់របស់ខ្លួន ដើម្បីគ្រប់គ្រងបញ្ហានេះ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner