ចាប់ពីខែតុលា ឆ្នាំ២០២៣ ដល់ខែមីនា ឆ្នាំ២០២៤ កាកសំណល់ជាង ៨០តោន ត្រូវបានប្រមូលចេញពីទន្លេ ក្នុងរាជធានីភ្នំពេញ

(ភ្នំពេញ)៖ ក្នុងរយៈពេលដ៏ខ្លីពោលគឺ ចាប់ពីខែតុលា ឆ្នាំ២០២៣ ដល់ ខែមីនា ឆ្នាំ២០២៤ កាកសំណល់ជាង ៨០តោន ត្រូវបានប្រមូលចេញពីទន្លេក្នុងរាជធានីភ្នំពេញ ដោយទូកកំចាត់សំរាម ដោយមានការចូលរួមពីប្រជាពលរដ្ឋនៅក្នុងសហគមន៍មូលដ្ឋានតាមដងទន្លេ ជាភ្នាក់ងារប្រមូលសំរាមរបស់អង្គការ ។ នេះបើតាមការឱ្យដឹងពីសំណាក់អង្គការសំអាតសំរាមទន្លេសមុទ្រ ។

ក្រុមហ៊ុន Leader Energy និងអង្គការ សំអាតទន្លេ សមុទ្រ សម្ពោធបេសកកម្មសំអាតទន្លេ រយៈពេល ៥ឆ្នាំ ចាប់ពី២០២៣ ដល់ ឆ្នាំ២០២៨ នៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជានាព្រឹកថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៤ ក្នុងរាជធានីភ្នំពេញ ។

ឯកឧត្តម អ៊ាង សុផល្លែត បានឱ្យដឹងថា “បេសកកម្មនេះ ស្របតាមយុទ្ធសាយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី០៧ ក្នុងការកសាង និងពង្រឹងមូលដ្ឋានគ្រឹះ ដើម្បីពន្លឿនការអភិវឌ្ឍន៍ជាតិ និង គាំទ្រដល់យុទ្ធសាស្ត្រចក្រារបស់ក្រសួងបរិស្ថាន ស្អាត បៃតង និងចីរភាព និងរួមចំណែកដល់ យុទ្ធនាការទឹកស្អាត ការកាត់បន្ថយប្លាស្ទិក និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព“។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ៖ ការប្រមូលសំរាមនៅរាជធានីភ្នំពេញបានទាន់ពេលវេលា និងបានត្រឹមត្រូវ ហើយក៏មានសំរាមមួយចំនួនត្រូវគេបោះចោលតាមប្រឡាយទឹក និងមួយចំនួនត្រូវធ្លាក់ចូលក្នុងទន្លេ ដែលជាការបំពុលទឹក និងជះផលអាក្រក់ដល់មនុស្សសត្វ ។ តាមរយៈការបេសកម្មសំអាតទន្លេនាពេលនេះ ឯកឧត្តមរំពឹងថា បើមានការចូលរួមពីប្រជាពលរដ្ឋ និងពិសេសអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ នឹងទទួលបានជោគជ័យពុំខាន ។ ពេលនោះយើងនឹងទទួលបានស្អាតទាំងលើគោក និងក្នុងទឹក ហើយយើងក៏គ្មានការបំពុលដោយសំរាមឡើយ។

លោក នូ សុវណ្ណ នាយកប្រតិបត្តិអង្គការសំអាតទន្លេ សមុទ្រ (ROC) បានលើកឡើងថា “យើងអាចសំអាត កាកសំណល់ចាស់ឱ្យអស់ពីទន្លេ និងច្រាំងទន្លេក្នុងរយៈពេលតែពី៥ ទៅ ៦ឆ្នាំបាន ប៉ុន្តែដើម្បីរក្សាទន្លេឲ្យមានអនាម័យជារៀងរហូត ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងកាកសំណល់ ការអប់រំ និងការពង្រឹងច្បាប់ គឺជាគន្លឹះដ៏សំខាន់ដែលត្រូវអនុវត្តន៍”។

លោក ថា ការប្រមូលសំរាមនេះយើងបានប្រមូលពីទន្លេសាប ទន្លេមេគង្គ ទន្លេបាសាក់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងទន្លេសាប ក្នុងខេត្តកណ្តាលផងដែរ ។ មកដល់ពេលនេះ គឺយើងប្រមូលបាន ១៦៩៣.០៩តោន នៃសំរាម ពិសេសប្លាស្ទិកត្រូវបានប្រមូលចេញពីទន្លេរបស់យើង ។

លោក Dato Sean H’ng នៃក្រុមហ៊ុន Leader Energy បានឱ្យដឹងថា “ការរួមសហការគ្នាវាបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់យើង ក្នុងការលើកកម្ពស់សេដ្ឋកិច្ចចក្រា ឱ្យមានភាពល្អប្រសើរ និងការថែទាំសហគមន៍។ តាមរយៈបេសកកម្មនេះ យើងមានបំណងមិនត្រឹមតែកាត់បន្ថយផលប៉ះពាល់ដ៏អាក្រក់នៃការបំពុលនៅក្នុងទឹកនៃទន្លេរបស់កម្ពុជាប៉ុណ្ណោះទេប៉ុន្តែថែមទាំងផ្តល់សិទ្ធិអំណាចដល់សហគមន៍មូលដ្ឋានឱ្យក្លាយជាអ្នកថែរក្សាបរិស្ថានធម្មជាតិរបស់ពួកគេផងដែរ”។

គួរបញ្ជាក់ថាក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រុមហ៊ុន Leader Energy និង អង្គការសំអាតទន្លេ សមុទ្រ ដែលបានចាប់ផ្តើមនៅចុងឆ្នាំ២០២៣ បានក្លាយជាជំហ៊ាន ដ៏សំខាន់មួយឆ្ពោះទៅរកការការពារ ប្រព័ន្ធអេកូឡូស៊ី ទន្លេជាប្រភពទឹកដ៏សំខាន់របស់កម្ពុជា ។ គំនិតផ្តួចផ្តើមរួមគ្នានេះគ្រោងនឹងដំណើរការរហូតដល់ឆ្នាំ២០២៨ហើយរួមបញ្ចូលផែនការដ៏ទូលំទូលាយមួយ ដែលរួមមានប្រតិបត្តិការសំអាតតាមដងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ព្រមទាំងកម្មវិធីអប់រំដែលផ្តោតលើការអប់រំការយល់ដឹងអំពីការទុកដាក់សំរាមរបស់ប្រជាពលរដ្ឋសហគមន៍នៅក្នុងមូលដ្ឋាន ។ ជាមួយនឹងការគាំទ្រថវិកា ដែលមានទឹកប្រាក់សរុបចំនួន ៤៦៦០០០ដុល្លារសហរដ្ឋអាមេរិក ៕

អត្ថបទ ៖ ម៉ាដេប៉ូ
រូបភាព ៖ រិន រចនា

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner