ទេសាភិបាលធនាគារជាតិ នៃកម្ពុជា អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តរួមចំណែកប្រើប្រាស់ប្រាក់រៀល នៅក្នុងប្រតិបត្តិការរបស់ខ្លួនឱ្យកាន់តែច្រើន
(ភ្នំពេញ)៖ ទេសាភិបាលធនាគារជាតិនៃកម្ពុជា អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តរួមចំណែកប្រើប្រាស់ប្រាក់រៀល នៅក្នុងប្រតិបត្តិការរបស់ខ្លួនឱ្យកាន់តែច្រើន ខណៈ ការ ប្រើប្រាស់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិក បានកើនឡើងក្នុងអត្រាខ្ពស់ ។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសខួបលើកទី៤៤ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ៖ ដំណើរឆ្ពោះ ទៅមុខនៃប្រាក់រៀល និងប្រព័ន្ធបាគង នាព្រឹកថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២៤ នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ ដោយមានតំណាងក្រសួង-ស្ថាប័ន គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្រុមហ៊ុន-សហគ្រាស គ្រឹះស្ថានឧត្តមសិក្សា និងនិស្សិត បានចូលរួមក្នុងសិក្ខាសាលានេះ ដែលបង្ហាញពីការយកចិត្តទុកដាក់ លើការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលទាំងអស់គ្នា ។
លោកជំទាវបណ្ឌិត ជា សិរី បានមានប្រសាសន៍ថា ការឆ្លងកាត់នឹងវិបត្តិសេដ្ឋកិច្ចធំៗ កន្លងមក បានបង្ហាញថា កម្ពុជា ត្រូវការពង្រឹងការប្រើប្រាស់ប្រាក់រៀល ដែលអាចរួមចំ ណែក ជួយការពារ ក៏ដូចជាស្ដារសេដ្ឋកិច្ចពីវិបត្តិ ដោយហេតុថា ការប្រើប្រាស់ប្រាក់រៀល ទូលំទូលាយ នឹងជួយឱ្យកម្ពុជាមានអធិបតេយ្យ និងឯករាជ្យក្នុងការ អនុវត្តនយោបាយ ម៉ាក្រូសេដ្ឋកិច្ច ជាពិសេសនយោបាយរូបិយវត្ថុ ដែលអាចជួយដល់ការជំរុញការវិនិយោគ និងការប្រើប្រាស់ក្នុងស្រុក តាមរយៈការជួយបន្ថយ ឬបង្កើនអត្រាការប្រាក់នៅលើទីផ្សារ និងការបញ្ចេញសន្ទនីយភាពទៅក្នុងសេដ្ឋកិច្ចជាដើម ។
លោកជំទាវទេសាភិបាល បានបន្តថា ជាក់ស្តែងនាពេលកន្លងមកនេះ ប្រទេសមួយចំនួនធំ បានអនុវត្តក្នុងវិបត្តិហិរញ្ញវត្ថុសកល និងវិបត្តិកូវីដ-១៩ ដោយធនាគារកណ្ដាល បានបន្ទាប អត្រាការប្រាក់គោល ដើម្បីបន្ថយអត្រាការប្រាក់នៅលើទីផ្សារ និងបានចាក់បញ្ចូលសាច់ ប្រាក់បន្ថែមដល់សេដ្ឋកិច្ច ក្នុងគោលដៅជំរុញសកម្មភាពសេដ្ឋកិច្ច។ ការធ្វើដូច្នេះបាន ទាល់តែធនាគារកណ្តាល អាចគ្រប់គ្រងការប្រើប្រាស់នយោបាយរូបិយវត្ថុប្រកបដោយ ប្រសិទ្ធភាព គឺនៅពេលរូបិយវត្ថុជាតិ ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ។
លោកជំទាវបណ្ឌិត បានបញ្ជាក់ថា ក្នុងទិសដៅលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលនេះ ធនាគារជាតិនៃកម្ពុជា បានខិតខំសម្រួលការប្រើប្រាស់ប្រាក់រៀលឱ្យមានភាពងាយ ស្រួល ជាបន្តបន្ទាប់ ។ ក្នុងចំណោមវិធានការនានា ប្រព័ន្ធទូទាត់អេឡិចត្រូនិក ជាពិសេស ប្រព័ន្ធ បាគង បានរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រួលដល់ការទូទាត់ ប្រាក់រៀល ឱ្យកាន់តែ មានភាពទាន់សម័យ ឆាប់រហ័ស និងចំណាយតិច។ ជាលទ្ធផល ការប្រើប្រាស់ ប្រាក់រៀល តាមប្រព័ន្ធអេឡិចត្រូនិក បានកើនឡើងក្នុងអត្រាខ្ពស់ ដោយក្នុងឆ្នាំ២០២៣ ប្រតិបត្តិការ ទូទាត់ជាប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិក បានកើនឡើង ៤៤ភាគរយ ធៀបនឹង ឆ្នាំ២០២២ និងខ្ពស់ជាងកំណើននៃប្រតិបត្តិការ ទូទាត់អេឡិចត្រូនិកជាប្រាក់ ដុល្លារអា មេរិក ដែលកើនក្នុងអត្រាជាង ៣ ភាគរយប៉ុណ្ណោះ។
ជាមួយគ្នានេះ លោកជំទាវបណ្ឌិត ជា សិរី ក៏បានអំពាវនាវដល់ក្រសួង-ស្ថាប័ន គ្រឹះស្ថាន ធនាគារនិងហិរញ្ញវត្ថុ រោងចក្រ ក្រុមហ៊ុន សហគ្រាស ម្ចាស់អាជីវកម្ម ប្រជាពលរដ្ឋទូទៅ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តរួមចំណែកប្រើប្រាស់ប្រាក់រៀល នៅក្នុង ប្រតិបត្តិការ របស់ខ្លួនឱ្យកាន់តែច្រើនឡើងដូចជា៖ តាមរយៈការទូទាត់ ការបិទស្លាកតម្លៃ ទំនិញ និង សេវានានា ការផ្តល់ឥណទាន និងការសន្សំជាប្រាក់រៀល ព្រមទាំងផ្ដល់លក្ខខណ្ឌ អនុ គ្រោះ ឱ្យបានច្រើនចំពោះការប្រើប្រាស់ប្រាក់រៀលជាដើម ។
សូមរំលឹកថា ដើម្បីចូលរួមចំណែកអបអរសាទរខួបលើកទី៤៤ នៃការបោះផ្សាយក្រដាស ប្រាក់ រៀល (២០ មីនា ១៩៨០ – ២០ មីនា ២០២៤) ក៏ដូចជាគាំទ្រគោលនយោបាយ លើក កម្ពស់ ការប្រើប្រាស់ប្រាក់រៀល ធនាគារជាតិនៃកម្ពុជា សហការជាមួយគ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ តាមខេត្ត-ក្រុង នឹងរៀបចំយុទ្ធនាការ “ស្រលាញ់ ប្រាក់រៀល” ដោយទទួលប្តូរក្រដាស់ប្រាក់រៀលចាស់ ទក់ រហែក និងជំនួស វិញនូវក្រដាស ប្រាក់ថ្មីគ្រប់ប្រភេទ ជូនសាធារណជន ចាប់ពីថ្ងៃទី ២០-២៩ ខែមីនា ឆ្នាំ២០២៤ ដោយ សាធារណជនអាចអញ្ជើញមកប្តូរក្រដាសប្រាក់រៀល ដោយមិនគិតកម្រៃសេវានៅ គ្រប់ សាខាធនាគារជាតិនៃកម្ពុជា និងសាខាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ទូទាំង ប្រទេស នៅក្នុងអំឡុងពេលយុទ្ធនាការខាងលើ ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត