មេធំក្រុមហ៊ុនផលិតថយន្តបារំាង ជំរុញអឺរ៉ុបឱ្យពន្លឿនការអភិវឌ្ឍរថយន្តអគ្គិសនីប្រជែងចិន

ប៉ារីស៖ នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តបារាំង Renault លោក Luca de Meo នៅថ្ងៃអង្គារ បានអំពាវនាវឱ្យសហភាពអឺរ៉ុបជំរុញផែនការ “Marshall Plan” ដើម្បីពន្លឿនការអភិវឌ្ឍ និងការប្រើប្រាស់រថយន្តអគ្គិសនី ក៏ដូចជាកាត់បន្ថយការបំភាយឧស្ម័នកាបូន ចំពេលប្រឈមមុខនឹងការប្រកួតប្រជែងពីប្រទេសចិន។

សហភាពអឺរ៉ុបមានគោលដៅបញ្ឈប់ការលក់រថយន្តប្រើសាំងនៅឆ្នាំ២០៣៥ ដែលនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីឈានដល់អព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០។ ប៉ុន្តែទន្ទឹមនឹងការវាយលុកនៃរថយន្តអគ្គិសនីមកពីប្រទេសចិន នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តបារាំង Renault លោក Luca de Meo បាននិយាយថា វិស័យរថយន្តនៅអឺរ៉ុបត្រូវការឱ្យប្រទេសក្នុងប្លុកនេះ បង្កើតយុទ្ធសាស្រ្តឧស្សាហកម្មមួយ ដូចអ្វីដែលខ្លួនបានធ្វើ ដើម្បីលើកទឹកចិត្តដល់ការអភិវឌ្ឍន៍របស់ក្រុមហ៊ុនផលិតយន្តហោះ Airbus និងដូចអ្វីដែលចិនបានធ្វើដើម្បីលើកទឹកចិត្តដល់ការអភិវឌ្ឍរថយន្តអគ្គិសនី (EVs)។

ជាពិសេស លោក de Meo បានអំពាវនាវឱ្យមានការបង្កើត “តំបន់សេដ្ឋកិច្ចបៃតង” ដូចទៅនឹងតំបន់សេដ្ឋកិច្ចពិសេសរបស់ប្រទេសចិន ដោយក្រុមហ៊ុនទទួលបានប្រាក់ឧបត្ថម្ភបន្ថែម និងការបន្ធូរបន្ថយពន្ធ ដើម្បីលើកទឹកចិត្តដល់ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃរថយន្តអគ្គិសនី (EV)។ បន្ថែមលើនេះ លោក de Meo ក៏បានទទូចឱ្យមានការសហការគ្នា ក្នុងការអភិវឌ្ឍរថយន្តធុនតូច និងមានតម្លៃសមរម្យនៅអឺរ៉ុបផងដែរ។

ការអត្ថាធិប្បាយនេះកើតឡើងនៅពេលដែលក្រុមហ៊ុន Renault និងក្រុមហ៊ុនផលិតរថយន្តនៅអឺរ៉ុបផ្សេងទៀតជួបនឹងការធ្លាក់ចុះយ៉ាងខ្លាំងនៃការលក់រថយន្តអគ្គិសនី ដែលជំរុញភាគច្រើនដោយការប្រកួតប្រជែងពីជម្រើសរបស់ចិនដែលមានតំលៃថោក។ ទីផ្សាររថយន្តអគ្គិសនីនៅចិន ពិតជាមានសន្ទុះគួរឲ្យកត់សម្គាល់ តួយ៉ាងក្រុមហ៊ុន BYD ដែលបានកើបប្រាក់ចំណេញជាប់ៗគ្នាប៉ុន្មានឆ្នាំចុងក្រោយ និងវិវត្តខ្លួនទៅជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំបំផុតលើលោក៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner