រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ៖ បរិមាណផ្លូវជនបទ បានកើនដល់ជាង ៥ម៉ឺនគីឡូម៉ែត្រ និងសំណង់សិល្បការ្យជនបទ កើនដល់ជិត៥ម៉ឺនកន្លែង គិតត្រឹមឆ្នាំ២០២៣

(ភ្នំពេញ)៖ បរិមាណផ្លូវជនបទបានកើនដល់ចំនួន ៥០២៦២គីឡូម៉ែត្រ ស្មើនឹង ៧៤% នៃផ្លូវទូទាំងប្រទេស និងសំណង់សិល្បការ្យជនបទកើនដល់ចំនួន ៤៨៨២២កន្លែង ។ នេះជារបាយការណ៍របស់ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ។

ឯកឧត្ដម ឆាយ ប្ញទ្ធិសែន បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣ ក្រសួងអភិវឌ្ឍន៍ជនបទ បានស្ថាបនាពង្រីកវិសាលភាព និងកែលម្អលើកកម្រិតផ្លូវជនបទបានចំនួន ៩៥ខ្សែ ប្រវែងសរុប ៤៤៧គីឡូម៉ែត្រ បានថែទាំផ្លូវជនបទចំនួន ៤៨៣ខ្សែ ប្រវែងសរុប ៤៣៧២គីឡូម៉ែត្រ, សាងសង់សំណង់សិល្បការ្យគ្រប់ប្រភេទបានចំនួន ១៣៧១កន្លែង និងបំពាក់ ស្លាកសញ្ញាចរាចរណ៍បានចំនួន ២៧៨៣ស្លាក ។ ជាមួយគ្នានេះ ក្រសួងបានធ្វើឱ្យអត្រាគ្របដណ្តប់ទាំងទឹកស្អាត និងអនាម័យជនបទ បានកើនឡើងដល់ប្រមាណ ៨៥% ហើយភូមិចំនួន ៧ ៣៩៧, ឃុំចំនួន ៦៥៤ ស្រុកចំនួន ៥៩ និងរាជធានី/ខេត្ត ចំនួន៧ មានខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ខេត្តកែប និងរាជធានីភ្នំពេញ បានសម្រេចការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ។

ឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា នៅឆ្នាំ២០២៤ ក្រសួងអភិវឌ្ឍន៍ជនបទ នឹងបន្តរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទរយៈពេល ៥ឆ្នាំ សម្រាប់នីតិកាលទី៧ ឱ្យស្របទៅនឹងកម្មវិធីនយោបាយយុទ្ធសាស្រ្តដ៏ត្រឹមត្រូវ និងឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់ឧត្តមប្រយោជន៍ជាតិ ដើម្បីប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner