សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ គោលនយោបាយរបស់រាជរដ្ឋាភិបាល នឹងមិនឱ្យមាន ភាពខុសគ្នាឆ្ងាយរវាងក្រុង និងជនបទទេ នាពេលអនាគត
(ភ្នំពេញ)៖ គោលនយោបាយរបស់រាជរដ្ឋាភិបាល នឹងមិនឱ្យមានភាពខុសគ្នាឆ្ងាយ រវាងក្រុង និងជនបទ ទេ នៅពេលអនាគត ។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានបញ្ជាក់រួចហើយថា ការអភិវឌ្ឍជនបទបានបង្ហាញតាមរយះគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីកុំឱ្យមានគម្លាតរវាងក្រុង និងជនបទ ហើយអនាគត មិនឱ្យមានភាពខុសគ្នាឆ្ងាយរវាងក្រុង និងជនបទទេ ។ សម្តេច បញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺនឹងរៀបចំទឹកស្អាតឲ្យបានគ្រប់ភូមិទូទាំងប្រទេសនៅឆ្នាំ២០៣០ ។ ជាមួយនេះ សម្តេចធិបតី បន្ថែមថា កន្លែងណា ដែលមិនទាន់មានការតភ្ជាប់ត្រូវតភ្ជាប់កសាង កន្លែងណាផ្លូវខូចត្រូវជួសជុល ជាពិសេស ត្រូវពង្រឹងការបណ្តុះបណ្តាលធនធានមនុស្ស ។
សម្តេចធិបតី បានថ្លែងទៀតថា រាល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ គឺដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងអស់ ខណៈរាជរដ្ឋាភិបាលអាណត្តិទី៧នេះ នឹងខិតខំកាត់បន្ថយភាពក្រីក្រ និងបង្កើនការងារជូនដល់ពលរដ្ឋឲ្យកាន់តែច្រើនបន្ថែមទៀត។ សម្តេច បានមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ នឹងខិតខំកាត់បន្ថយភាពក្រីក្រ បង្កើនការងារដល់ពលរដ្ឋ និងបង្កើនសមត្ថភាពគ្រប់ក្រសួង ស្ថាប័នទាំងអស់ ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ដោយការប្តេជ្ញានេះ គឺដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងអស់មិនថា ទីប្រជុំជន ឬតាម ជនបទនោះឡើយ។
សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនៅតាមជនបទ គឺជាគន្លឹះសម្រាប់ធានានូវចីរភាព និងភាពធននៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ខណៈសព្វថ្ងៃតំបន់ជនបទរបស់កម្ពុជា បានកំពុងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ លើគ្រប់វិស័យ ជាពិសេសគឺផ្នែកហេដ្ឋារចនាសម្ព័ន្ធនេះតែម្តង។ សម្តេចធិបតី ក៏បានរំលឹកដែរថា រាជរដ្ឋាភិបាល នឹងខិតខំស្ថាបនានូវហេដ្ឋារចនាសម្ព័ន្ធតាមជនបទឲ្យកាន់តែប្រសើរបន្ថែមទៀត ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ។
សូមជំរាបថា តាមរយះសន្និបាត ដើម្បីស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទបានដាក់ចេញ គោលដៅ៤ គឺ ទី១. ពង្រឹងគុណភាពស្ថាបនា ជួសជុលថែទាំហេដ្ឋារចនាសម្ព័ន្ធ និងសំណង់សិល្បការ្យជនបទ និងជំរុញការស្តារ លើកកម្រិតផ្លូវជនបទប្រកបដោយភាពធន់នឹងការប្រែប្រួល អាកាស ធាតុ ដើម្បីធានាបាននូវ ប្រសិទ្ធភាព និង និរន្តរភាពក្នុងការប្រើប្រាស់ ។ ទី២.បន្តកែលម្អលក្ខខណ្ឌ នៃការរស់នៅរបស់សហគមន៍ជនបទដោយជំរុញ និងពន្លឿន ការផ្តល់សេវាទឹកស្អាត និងអនាម័យជនបទឱ្យសម្រេចអត្រា ១០០% នៅឆ្នាំ ២០៣០ ។ ទី៣. ពង្រីកសកម្មភាពពិពិធកម្ម សេដ្ឋកិច្ចជនបទតាមរយៈការបណ្តុះបណ្តាលជំនាញមូលដ្ឋាន ដើម្បីបង្កើតមុខរបរ និងបង្កើនប្រាក់ចំណូលប្រចាំគ្រួសារជាពិសេសការអភិវឌ្ឍភូមិគំរូ និងពង្រឹងតួនាទីរបស់មជ្ឈមណ្ឌល អភិវឌ្ឍន៍ជនបទ ។ ទី៤. បន្តយកចិត្តទុកដាក់ និងគាំទ្រការអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅនានារបស់រាជរដ្ឋាភិបាល និង ពង្រឹងសមត្ថភាពមន្រ្តីរាជការទាំងថ្នាក់ជាតិ និង ក្រោមជាតិ ដើម្បីបម្រើប្រជាពលរដ្ឋនៅតំបន់ជនបទឱ្យកាន់តែមាន ប្រសិទ្ធភាព សុចរិតភាព និងការទទួលខុសត្រូវខ្ពស់ដោយត្រូវបញ្ចប់ការវិភាគមុខងារស្ថាប័ន និងមន្រ្តីក្រសួង, បញ្ចប់សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥, បន្តចូលរួមអនុវត្តគោលនយោ បាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២- ២០៣៥ និងគាំទ្រយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលក្នុងគោលដៅបម្រើការងារអភិវឌ្ឍន៍ជនបទស្របតាមគោលនយោបាយឌីជីថល និងការបន្តចូលរួមអនុវត្ត គោលនយោ បាយវិមជ្ឈការ និងវិសហមជ្ឈការ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ