Apple ចង់បញ្ជូល AI របស់ Google ទៅក្នុង iPhone
ក្រុមហ៊ុន Apple កំពុងចចារជាមួយក្រុមហ៊ុន Google ដើម្បីទទួលយកម៉ូដែលបញ្ញាសិប្បនិម្មិតឈ្មោះ Gemini AI ដ៏មានឥទ្ធិពលរបស់ Google បញ្ជូលទៅក្នុង iPhone សេរីថ្មី នាពេលខាងមុខ។ នេះបើតាមទីភ្នាក់ងារព័ត៌មានដ៏ល្បី Bloomberg។
Bloomberg បានរាយការណ៍ កាលពីដើមសប្តាហ៍ថា ប្រសិនបើលេចចេញជាកិច្ចព្រមព្រៀងមែន នឹងមានសំណួរធំៗជាច្រើន អំពីភាពខ្សោយយុទ្ធសាស្ត្រលើ AI របស់អ្នកផលិត iPhone។ ខ្សោយដោយសារក្រុមហ៊ុន Apple ដ៏ល្បីល្បាញ បែរជាត្រូវទិញ AI របស់ Google ទៅវិញ។ ការណ៍នេះអាចត្រូវបានរិះគន់ថា មានភាពយឺតយ៉ាវជាងដៃគូប្រជែងបច្ចេកវិទ្យាធំៗ របស់ Apple។
យោងតាម Bloomberg បានឲ្យដឹងដែរថា ក្រុមហ៊ុន Apple កំពុងស្វែងរកដៃគូ ជាមួយ Google សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS ជំនាន់ក្រោយ ហើយវាទំនងជានឹងបង្ហាញ នៅលើ iPhone ជំនាន់ក្រោយ ដែលគ្រោងចេញលក់លើទីផ្សារ នៅចុងឆ្នាំ២០២៤។
Bloomberg បានរាយការណ៍ដែរថា Apple ក៏បានពិភាក្សាជាមួយអង្គការស្រាវជ្រាវបញ្ញាសិប្បនិម្មិត OpenAI របស់អាមេរិក ដែលជាអ្នកបង្កើត ChatGPT ដើម្បីចាប់ដៃគូលើការបង្កើត AI ផងដែរ ប៉ុន្តែ Bloomberg មិនផ្តល់ព័ត៌មានលម្អិតបន្ថែម នោះទេ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត