ហ្វាំងឡង់ជាប្រទេសមានសុភមង្គលបំផុត ក្នុងពិភពលោក
ការសិក្សាមួយ ដែលគាំទ្រដោយអង្គការសហប្រជាជាតិបានចេញផ្សាយ នៅថ្ងៃពុធនេះថា ហ្វាំងឡង់នៅតែជាប្រទេសមានសុភមង្គលបំផុតរបស់ពិភពលោក ក្នុងរយៈពេលប្រាំពីរឆ្នាំ ជាប់ៗគ្នា រហូតមកដល់ឆ្នាំ២០២៤។ ហ្វាំងឡង់ គឺជាប្រទេសនៅអឺរ៉ុបខាងជើង ជាប់ព្រំដែនជាមួយប្រទេសស៊ុយអែត, ន័រវេស និងរុស្ស៊ី។
របាយការណ៍ឈ្មោះថា World Happiness Report មួយនេះ បានចាត់ចំណាត់ថ្នាក់ដូច្នេះ គឺ ផ្អែកលើការវាយតម្លៃពីការពេញចិត្តក្នុងជីវិត ក៏ដូចជា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗ, ការគាំទ្រសង្គម, អាយុសង្ឃឹមរស់ដែលមានសុខភាពល្អ, សេរីភាព, សប្បុរសធម៌ និង អំពើពុករលួយតិចតួច ជាដើម។
លោកស្រី Jennifer De Paola អ្នកស្រាវជ្រាវលើសុភមង្គល ប្រចាំសកលវិទ្យាល័យ Helsinki បានប្រាប់ AFP ថា ទំនាក់ទំនងជិតស្និទ្ធរបស់ប្រជាជនហ្វាំងឡើងទៅនឹងធម្មជាតិ និងតុល្យភាពជីវិតការងារ ដែលមានភាពល្អ សុទ្ធតែរួមចំណែកដ៏សំខាន់ ដល់ការពេញចិត្តក្នុងជីវិតរបស់ពួកគេ។
World Happiness Report បានឲ្យដឹងទៀតថា ប្រទេសជាប់លេខ២ គឺដាណឺម៉ាក, លេខបី គឺអ៊ីស្លង់ និងលេខបួន គឺស៊ុយអែត។ រីឯប្រទេសបាតតារាង ឬ គ្មានសុភមង្គលបំផុត គឺប្រទេសអាហ្វហ្គានីស្ថាន ដែលញាំញីដោយវិបិត្តមនុស្សធម៌ ចាប់តាំងពីក្រុមតាលីបង់ ចូលគ្រប់គ្រងប្រទេសមួយនេះ កាលពីឆ្នាំ២០២០។
របាយការណ៍បញ្ជាក់ដែរថា គឺជាលើកដំបូង ក្នុងពេលជាងមួយទសវត្សរ៍ ដែលសហរដ្ឋអាមេរិក និងអាឡឺម៉ង់ លែងក្លាយជាប្រទេសដែលមានសុភមង្គលបំផុត ទាំង២០ ដោយធ្លាក់មក ចំណាត់ថ្នាក់លេខ ជាង២០វិញ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត