សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងពាក់ព័ន្ធ បង្កើតគម្រោងបុរីជនបទ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងពាក់ព័ន្ធ បង្កើតគម្រោងបុរីជនបទ។ បុរីជនបទសំដៅរៀបចំភូមិ ឃុំ របស់ប្រជាពលរដ្ឋឱ្យសមរម្យសម្រាប់ប្រជាពលរដ្ឋរស់នៅ ទាំងជីវភាព ទាំងកិត្តិយស ឱ្យសមរម្យ រួមជាមួយនឹងលទ្ធភាពដែលអាចធ្វើទៅបាន។ ការបញ្ជាក់របស់សម្តេចធិបតី ក្នុងពិធិបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ក្រសួងអភិវឌ្ឍន៍ជនបទ នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ទៀតថា ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានផែនការមួយគេហៅថា បុរីជនបទ។ ធ្លាប់តែឮបុរី១០០ខ្នង ធ្លាប់តែឮបុរីទន្លេបាសាក់ បន្តិចទៀតមានបុរីជនបទ។ បុរីជនបទ ដែលសហការគ្នាជាមួយនឹងស្ថាប័នពាក់ព័ន្ធ រួមទាំងអភិវឌ្ឍន៍បទ ព្រោះបុរីជនបទសំដៅរៀបចំភូមិ ឃុំ របស់ប្រជាពលរដ្ឋឱ្យសមរម្យសម្រាប់ប្រជាពលរដ្ឋរស់នៅ ទាំងជីវភាព ទាំងកិត្តិយស ឱ្យសមរម្យ រួមជាមួយនឹងលទ្ធភាពដែលអាចធ្វើទៅបាន។

សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា ការកសាងផ្លូវ កសាងប្រព័ន្ធទឹកស្អាត ថ្ងៃក្រោយរៀបចំជាភូមិជាសាលារៀន ជាមន្ទីរពេទ្យ ដើម្បីយើងធ្វើបាន នេះជាគោលការណ៍ដែលយើងត្រូវធ្វើ ហើយដែលត្រូវបន្តធ្វើ យើងរៀបបានខ្លះហើយ ប៉ុន្តែយើងនៅបន្តធ្វើតទៅទៀត។ ទាំងអស់នេះ គឺជាអ្វីដែលធ្វើផ្ទាល់ជូនប្រជាពលរដ្ឋតែម្តង៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner