រាជរដ្ឋាភិបាល បង្ហើបគោលដៅ ក្នុងការកសាងបុរីជនបទ
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហើបគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការកសាងបុរីជនបទ ដែលជាគម្រោងរៀបចំភូមិឋាន របស់ប្រជាពលរដ្ឋនៅតាមទីជនបទ ឱ្យបានល្អប្រសើរ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ដូច្នេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមាប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាលថ្មីនេះ មានគោលដៅកសាងបុរីជនបទ ជាគម្រោងរៀបចំភូមិឋានរបស់ប្រជាពលរដ្ឋនៅតាមទីជនបទ ឲ្យបានល្អប្រសើរ ។
សម្ដេចធិបតី បានបញ្ជាក់ដូច្នេះថា៖ «មិញសួរទៅ ឯកឧត្តម សាយ សំអាល់ ក៏មានផែនការមួយ គេហៅថា បុរីជនបទ ធ្លាប់ឮបុរី ១០០ខ្នង ធ្លាប់ឮបុរីទន្លេបាសាក បន្ដិចទៀត មានបុរីជន ដែលសហការគ្នាជាមួយក្រសួងពាក់ព័ន្ធ ព្រោះបុរីជនបទ សំដៅរៀបចំ ភូមិ ឃុំ របស់ប្រជាពលរដ្ឋ ឲ្យសមរម្យ សម្រាប់ប្រជាពលរដ្ឋរបស់យើងរស់នៅ ទាំងជីវភាព , នេះជាគោលការណ៍ដែលយើងត្រូវធ្វើ ។
ជាមួយគ្នានេះដែរ សម្ដេចនាយករដ្ឋមន្ដ្រី បានលើកឡើងថា រាជរដ្ឋាភិបាល អាណត្តិថ្មីនេះ ក៏បានដាក់ចេញគោលនយោបាយជាច្រើន ក្នុងនោះ កំពុងកាត់បន្ថយបញ្ហាគម្លាតរវាងទីក្រុង និងជនបទ ផងដែរ ។ រាល់គោលនយោបាយរបស់ រាជរដ្ឋាភិបាល ដែលបានដាក់ចេញ គឺដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងអស់ ខណៈរាជរដ្ឋាភិបាល អាណត្តិទី៧នេះ នឹងខិតខំកាត់បន្ថយភាពក្រីក្រ និងបង្កើនការងារជូនដល់ពលរដ្ឋឲ្យកាន់តែច្រើនបន្ថែមទៀត ៕







