ប្រធានាធិបតីវៀតណាមលាលែងពីតំណែង ចំពេលវៀតណាមប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយដ៏ធំ
ហាណូយ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម ក្នុងថ្ងៃពុធនេះ បានរាយការណ៍ថា ប្រធានាធិបតីវៀតណាម លោក Vo Van Thuong បានលាលែងពីតំណែង បន្ទាប់ពីលោកបំពេញការងារបានត្រឹមតែមួយឆ្នាំប៉ុណ្ណោះ ចំពេលដែលប្រទេសកុម្មុយនិស្តមួយនេះ កំពុងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយយ៉ាងខ្លាំងក្លា។
ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) បានចេញផ្សាយថា លោក Thuong បានរំលោភលើ “បទប្បញ្ញត្តិ” ប៉ុន្តែមិនបានបញ្ជាក់លំអិត និងថា គាត់មិនបានធ្វើជាគំរូត្រឹមត្រូវក្នុងនាមជាប្រមុខរដ្ឋ ហើយការលាលែងពីតំណែងរបស់គាត់ ត្រូវបានទទួលយកដោយគណៈកម្មាធិការកណ្តាលរបស់បក្ស។

ទីភ្នាក់ងារដដែលនេះបន្ថែមថា ការបំពាន និងការខ្វះខាតរបស់សមមិត្ត Vo Van Thuong បានបង្កឱ្យមានមតិសាធារណៈមិនល្អ ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់បក្ស រដ្ឋ និងខ្លួនគាត់ផ្ទាល់។ ដឹងច្បាស់អំពីការទទួលខុសត្រូវរបស់ខ្លួន ចំពោះបក្ស រដ្ឋ និងប្រជាជន លោក Thuong បានដាក់លិខិតលាលែងពីតំណែងរបស់គាត់។
លោក Thuong នឹងលាលែងពីមុខតំណែងជាប្រធានាធិបតី, សមាជិកការិយាល័យនយោបាយ, សមាជិកគណៈកម្មាធិការមជ្ឈិមបក្សលើកទី១៣, ប្រធានក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខសម្រាប់អាណត្តិឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៦ តាមសេចក្តីសម្រេចដែលបានប្រកាសនៅក្នុងសម័យប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការបក្ស។
លោក Thuong អាយុ ៥៤ឆ្នាំមកពីខេត្ត Vinh Long ភាគខាងត្បូងវៀតណាម បានក្លាយជាប្រធានាធិបតីក្នុងអាណត្តិ ៥ឆ្នាំ ពោលពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៦ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីអតីតប្រធានាធិបតីមុន គឺលោក Nguyen Xuan Phuc ក៏បានលាលែងពីតំណែងដូចគ្នា៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
