ទៅលេងកែប កុំភ្លេចកំពង់ផែទេសចរណ៍ថ្មីលើកោះទន្សាយ! បើកដំណើរការឆាប់ៗនេះ!

កែប:មួយឆ្នាំ ក្រោយសាងសង់ កំពង់ផែទេសចរណ៍ថ្មីនៅលើដីកោះទន្សាយជិតរួចរាល់ហើយ។ អោបក្រសោបដោយផ្ទៃសមុទ្រដ៏ស្ងប់ស្ងាត់នៃខេត្តកែប ផែទេសចរណ៍មួយនេះកំពុងត្រៀមខ្លួនបង្ហាញសម្រស់ទទួលភ្ញៀវទេសចរនៅប៉ុន្មានខែខាងមុខនេះ។
ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានប្រាប់ទូរទស្សន៍អប្សរាថា អាជ្ញាធរខេត្តកំពុងរង់ចាំការសម្រេចថ្ងៃជាក់លាក់ពីថ្នាក់ជាតិ ដើម្បីបើកសម្ពោធកំពង់ផែនេះជាផ្លូវការ តែលោកអះអាងថា មិនយូរទៀតទេ។

គិតមកដល់ពេលនេះ ការងារសាងសង់កំពង់ផែលើកោះទន្សាយនេះ សម្រេចបាន៩០ភាគរយហើយ។ គម្រោងនេះបានចាយថវិកាជាង ១លានដុល្លារ ក្រោមកម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ កំពង់ផែនេះត្រូវរំពឹងថា នឹងផ្តល់នូវមធ្យោបាយសម្រាប់ទូក កប៉ាល់ទេសចរណ៍ និងនាវាសហគមន៍ ដែលនឹងបង្កើនបទពិសោធន៍ថ្មីទៅកាន់កោះដ៏ស្រស់បំព្រងទាំង១២ និងថ្មប៉ប្រះទឹកមួយដែលស្ថិតនៅជុំវិញភូមិសាស្ត្រខេត្តកែប។

ឯកឧត្តមអភិបាលខេត្ត ចាត់ទុកផែនេះជាសមទ្ធិផលប្រវត្តិសាស្ត្រដែលនឹងជួយលើកកម្ពស់ខេត្តកែប ឱ្យក្លាយជាប៉ូលអភិវឌ្ឍន៍ទេសចរណ៍ ដោយតំបន់ប្រជុំកោះទាំងនេះ។
លោកថ្លែងដូច្នេះថា«កំពង់ផែនេះពាក់ព័ន្ធនឹងវិស័យទេសចរណ៍ នៅតាមបណ្តាប្រជុំកោះទាំង១២ និងថ្មប៉ប្រះទឹកមួយនៅក្នុងខេត្តកែប ។ដូច្នេះហើយកំពង់ផែនេះប្រើសម្រាប់ជាសារប្រយោជន៍ប្រជាជនទូទៅ ទាំងភ្ញៀវទេសចរក្នុងស្រុក និងក្រៅស្រុក ដែលតភ្ជាប់ទៅទីប្រជុំកោះ ដោយបម្រើដល់វិស័យទេសចរណ៍ ដូចជាទូក នាវាកម្សាន្ត ទូកសហគមន៍ ទូកមើលផ្កាថ្ម ឧទ្យានជាតបាតសមុទ្រដើម»។
នៅក្នុងយុទ្ធសាស្រ្តផែនការអភិវឌ្ឍវិស័យទេសចរណ៍រយៈពេល ១៥ឆ្នាំ ខេត្តកែបផ្តោតលើគោលដៅប៉ូល បួន រួមមាន ប៉ូលកោះឆ្នេរ ប៉ូលឆ្នេរអង្កោល ប៉ូលតំបន់ភ្នំវល្លិ៍ និងប៉ូលតំបន់ផ្ទះចាស់សង្គមរាស្ត្រនិយម។

ក្រៅពីគម្រោងហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែទេសចរណ៍កោះទន្សាយ ខេត្តកែបមានការស្ថាបនាផ្លូវប្របមាត់សមុទ្រ ចាប់ពីចំណុចកំពង់ផែកោះទន្សាយនៅក្នុងក្រុងកែប ទៅឆ្នេរអង្កោល ដែលមានប្រវែងប្រមាណ១២គីឡូម៉ែត្រ និងបំបែកតភ្ជាប់ទៅផ្លូវជាតិលេខ ១៣-៣២ ដែលមានទីលានចាក់សំរាម និងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ផងដែរ៕
ដោយ:សុផល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner