ក្រុមហ៊ុន អ៊ីស្រាអែលប្រកាសទិញគ្រាប់ស្វាយចន្ទី ១០០តោន តម្លៃលើសទីផ្សារ ២០ភាគរយ

ភ្នំពេញ:ក្រុមហ៊ុន Floresta របស់អ៊ីស្រាអែល ដែលមានមូលដ្ឋាននៅកម្ពុជា ប្រកាសប្រមូល ទិញគ្រាប់ ស្វាយ ចន្ទីស្ងួត ចំនួន១០០តោន ចាប់ពីចុងខែមីនានេះតទៅ។ ក្រុមហ៊ុននេះផ្តល់តម្លៃ ៦ ០០០រៀល ក្នុងមួយគីឡូក្រាម ដែលលើសតម្លៃទីផ្សារបច្ចុប្បន្ន ប្រហែល ២០ភាគរយ។

ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ទូរទស្សន៍អប្សរាថា ក្រុមហ៊ុននេះប្រមូលទិញគ្រាប់ស្វាយចន្ទីខ្មែរសម្រាប់នាំចេញទៅប្រទេសជប៉ុន ហើយក្រុមហ៊ុននឹងធ្វើកិច្ចសន្យាទិញលក់ផ្ទាល់ជាមួយកសិករដាំស្វាយចន្ទីនៅក្នុងឃុំសាលាវិស័យ ខេត្តកំពង់ធំ ដែលបានស្ម័គ្រចិត្តចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប។ ប៉ុន្តែ លោកបញ្ជាក់ថា កសិករនៅក្រៅឃុំនិងខេត្តនេះ ក៏អាចលក់គ្រាប់ស្វាយចន្ទីទៅឲ្យក្រុមហ៊ុន Floresta បានដែរ ដោយអាចទាក់ទងទៅក្រុមហ៊ុនផ្ទាល់ ឬក្រសួងកសិកម្ម។

តម្រូវការរបស់ក្រុមហ៊ុនអ៊ីស្រាអែលនេះគឺចំពេលគ្រាប់ស្វាយចន្ទីខ្មែរកំពុងធ្លាក់ថ្លៃពី ជាង ៥ពាន់ រៀល ក្នុង មួយគីឡូ ក្រាម មក ត្រឹមជាងបួនពាន់រៀល ក្នុងមួយ គីឡូក្រាមបណ្តាល ឲ្យ ប្រជាកសិករ រង គ្រោះ និង ខាតបង់។ ប្រជាកសិករមួយចំនួនបន្ទោសការធ្លាក់ថ្លៃ ទៅលើឈ្មួញកណ្តាលដែលបន្ទាបតម្លៃ ចំរដូវប្រមូលផល។ ទិន្នផលទីផ្សារ និងតម្លៃ អាចកាន់តែរងសម្ពាធថែមទៀត ដោយសារបញ្ហាអាកាសធាតុក្តៅខ្លាំង របាំងពន្ធគយ ការ ប្រែប្រួល នៃ ផលិតកម្ម និង ពាណិជ្ជកម្ម គ្រាប់ស្វាយចន្ទី នៅ ទីផ្សារពិភពលោក ស្ថានភាព សេដ្ឋកិច្ច មិន ប្រាកដ ប្រជា និងសមត្ថភាព នៃ ការ កៃច្នៃ ក្នុង ស្រុក ជាដើម។ នេះបើយោងតាមការលើកឡើងរបស់ក្រសួងកសិកម្ម និងសមាគមន៍ស្វាយចន្ទីកម្ពុជា។

នៅចំពោះមុខនៃបញ្ហាប្រឈមនេះ ក្រសួង កសិកម្ម បាន លើក ទឹកចិត្តឲ្យ កសិករចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប ពោលគឺការដាំរួមគ្នាតាមស្តង់ដារដែលសហគមន៍កំណត់ និងប្រមូលផលរួមគ្នា។

ឯកឧត្តម ហ្វីណង់ និយាយថា សហគមន៍ កសិកម្មទំនើបនេះនឹងទទួលបានអត្ថប្រយោជន៍ដូចជា ការ ជួយរក ទីផ្សារ ការគាំទ្របច្ចេកទេស និងដើមទុន ក៏ដូចជាការពារកសិករពីហានិភ័យទីផ្សារ និងការប្រែប្រួលអាកាសធាតុ។

ក្នុង ឆ្នាំ ២០២៣ ប្រទេស កម្ពុជា នាំចេញ គ្រាប់ស្វាយចន្ទី សរុបជាង ៤២ម៉ឺន តោន ធ្លាក់ចុះជិត១០ភាគរយ។ ទីផ្សារ ធំបំផុត គឺ មាននាំចេញ ទៅ កាន់ ប្រទេស ចិន ជប៉ុន វៀតណាម ថៃ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកជាដើម៕ ដោយ:សែន ដាវិត

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner