ជើងហោះហើរប្រវត្តិសាស្ត្រកម្ពុជា-ឡាវ ចាប់ផ្តើមថ្ងៃដំបូងជាមួយអ្នកដំណើរជាង ២០០នាក់

ភ្នំពេញ:២០ឆ្នាំនៃការរង់ចាំបានបញ្ចប់។ នៅថ្ងៃអង្គារនេះ ក្រុមហ៊ុនអាកាសចរណ៍ឡាវ បានចាប់ផ្តើម ហោះហើរត្រង់ជាលើកដំបូង ពីវៀងចន្ទន៍ មកភ្នំពេញ និងពីភ្នំពេញ ទៅវៀងចន្ទន៍ ដោយមានអ្នកកដំណើរសរុបចំនួនជាង ២០០នាក់។ ក្នុងនោះ ជើងហោះហើរពីឡាវមកភ្នំពេញមាន១១៦នាក់ និងអ្នកចេញពីភ្នំពេញ ទៅវៀងចន្ទន៍ ៨៦នាក់។

ជាដំណាក់កាលដំបូង អាកាសចរណ៍ឡាវ នឹង ហោះត្រង់ចំនួន៣ថ្ងៃក្នុងមួយសប្តាហ៍ គឺ ថ្ងៃអង្គារ- ព្រហស្បតិ៍ និងថ្ងៃ សៅរ៍ដោយ ប្រើ យន្ត ហោះ Air Bus 320 ឬ ART 72 ដែលធានាបាននូវបទពិសោធន៍ធ្វើដំណើរប្រកបដោយផាសុកភាព និងប្រសិទ្ធភាព។

អ្នកជំនាញចាត់ទុកការតភ្ជាប់ជើងហោះហើរឡើងវិញនេះ ជាសញ្ញាវិជ្ជមានទាំងសម្រាប់វិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ។ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល រំពឹងថា ជើងហោះហើរត្រង់នេះ នឹងទាក់ទាញអ្នកទេសចរឡាវឲ្យមកកម្សាន្តនៅកម្ពុជាកាន់តែច្រើន។

ចំណែក លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា មានសុទិដ្ឋិនិយមថា ការភ្ជាប់ជើងហោះហើររវាងប្រទេសទាំងពីរនេះនឹងទាក់ទាញអ្នកវិនិយោគពីប្រទេសឡាវផងដែរ។

ជាការកត់សម្គាល់ ប្រទេសឡាវជាប់ចំណាត់ថ្នាក់ជាប្រភពទេសចរបរទេសធំជាងគេទីបួនមកកម្ពុជា កាលពីឆ្នាំ ២០២៣ ដោយមានភ្ញៀវទេសចរណ៍ជនជាតិឡាវជាង ៣៧ម៉ឺននាក់ចូលមកកម្ពុជា។ ចំនួននេះកើនឡើងជាង ៣០០ភាគរយធៀបនឹងឆ្នាំ២០២២។

គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ឡាវបានផ្អាកការហោះហើរមកកម្ពុជា ដោយផ្ទាល់នៅអំឡុងចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ ២០០០។ ក្នុងរយៈពេល២ទសវត្សរ៍ ក្រុមហ៊ុននេះ បានផ្តល់សិទ្ធិឲ្យក្រុមហ៊ុនវៀតណាមហោះហើរលើកំណាត់ផ្លូវនេះតាមរយៈកិច្ចព្រមព្រៀងចែកភាគលាភ ឬ Codeshare agreement។

ការរស់ឡើងវិញនៃជើងហោះហើរត្រង់នាពលនេះ គឺជាមូលដ្ឋានគ្រឹះនៃយុទ្ធសាស្ត្រទេសចរណ៍ត្រីភាគីកម្ពុជា-ឡាវ-វៀតណាម ដែលប្រទេសទាំង៣មានមហិច្ឆតាបង្កើតបទពិសោធន៍ធ្វើដំណើររួមគ្នា និងទាក់ទាញភ្ញៀវទេសចរមកទស្សនាប្រទេសទាំងបី៕
ដោយ:ទួន សុផល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner