ត្រៀមជាង ៥០លានដុល្លារជួសជុលផ្លូវពីកំពត ទៅវាលរេញ
ភ្នំពេញ:ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងកៀរគរថវិការជាង៥០លានដុល្លារ ដើម្បីជួសជុលកំណាត់ផ្លូវប្រវែង២០គីឡូម៉ែត្រដែលភ្ជាប់ ត្រពាំងរពៅនៃខេត្តកំពត ទៅវាលរេញនៃខេត្តព្រះសីហនុ។ ផ្លូវមួយកំណាត់ខ្លីតែត្រូវចាយប្រាក់ច្រើនសន្ធឹកនេះ កំពុងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលរំខានដល់ការធ្វើដំណើរ និងរាំងស្ទះលំហូរទេសចរទៅមករវាងកំពង់សោម និងកំពត។

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ផន រឹម បានប្រាប់ទូរទស្សន៍អប្សរាថា ប្រភពថវិកាសម្រាប់ជួសជុលផ្លូវនេះ អាចជាកញ្ចប់ថវិការបស់រដ្ឋ ឬមានប្រភពពីប្រទេសចិន។ ដោយមិនទាន់អាចកំណត់រយៈពេលនៃការការកៀរគរថវិកា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ កំពុងកែលម្អស្ថានភាពផ្លូវ ដើម្បីសម្រួលដល់ដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋជាបណ្តោះអាសន្នសិន។

គួរសម្គាល់ថា កំណាត់ផ្លូវជាតិលេខ៣ កំពត-វាលរេញ មានប្រវែងសរុប ៥៤,៣ គ.ម។ ប៉ុន្តែ កំណាត់ផ្លូវដែលខូចខាតញឹកញាប់ជាងគេគឺមានប្រវែងជាង២០គីឡូម៉ែត្រ ពីចំណុចត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ទៅដល់ផ្លូវបំបែកវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ កំណាត់ផ្លូវនេះ កន្លងមក តែងតែ ខូចខាតទៅវិញ បន្ទាប់ពីសាងសង់រួចរយៈពេលខ្លី។ មន្ត្រីជំនាញពន្យល់ថា ដោយសារតែស្ថានភាពដីនៅតំបន់នេះ ជាប្រភេទដីបៀមទឹកខ្លាំង ដែលកន្លែងខ្លះមានជម្រៅ ដល់ទៅ១៨ម៉ែត្រ ។

ឯកឧត្តម ផន រឹម លើកឡើងហេតុផលថា ដោយសារស្ថានភាពភូមិសាស្ត្របែបនេះហើយ ទើបការសាងសង់លើកនេះត្រូវបានសិក្សាឱ្យបានច្បាស់លាស់ ហើយនឹងចាក់គ្រឹះទម្រស្រទាប់កម្រាលផ្លូវតែម្តង ដែលត្រូវការចាយថវិកាច្រើនជាងការជួសជុលផ្លូវទូទៅ៕
ដោយៈទួន សុផល

