Air Asia បើកជើងហោះហើរ ភ្នំពេញ-សៀមរាប-ព្រះសីហនុតម្លៃក្រោម៥០ដុល្លារ
ភ្នំពេញ:ចាប់ពីខែឧសភា តទៅ ប្រជាជនកម្ពុជា អាចធ្វើដំណើរតាមយន្តហោះ ពីភ្នំពេញ-សៀមរាប និងទៅព្រះសីហនុនិងពីព្រះសីហនុ ទៅសៀមរាប ក្នុងតម្លៃក្រោម៥០ដុល្លារអាមេរិក តាមជើងហោះហើរថ្មីដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ Air Asia។
ក្រុមហ៊ុនអាកាសចរណ៍ Air Asia ដែលគេស្គាល់ថា ជាប្រភេទ budget airline ឬហោះហើរដោយសន្សំសំចៃ ឬចាយប្រាក់តិច បានប្រកាសដំណើរការជើងហោះហើរថ្មីនៅខេត្តក្រុងសំខាន់ៗទាំង៣របស់កម្ពុជានេះពីថ្ងៃទី២ខែឧសភា ខាងមុខនេះតទៅ ដោយប្រើប្រាស់យន្តហោះប្រភេទ A320 ចំនួនពីរគ្រឿង ដែលមានមូលដ្ឋាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ យន្តហោះ A320 អាចដឹកដំណើរបានជាង ១៨០ នាក់។

លោក ណម វិស្សុត នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Air Asia លើកឡើងថា ការបើកប្រតិបត្តិការក្នុងស្រុកជាលើកដំបូងនេះ ដើម្បីលើកទឹកចិត្តអ្នកទេសចរឱ្យស្នាក់នៅកម្ពុជារយៈពេលយូរ ពោលគឺពី ៤ ថ្ងៃទៅ ៧ ថ្ងៃ។ ក្រុមហ៊ុននេះជឿថា ជើងហោះហើរថ្មីនេះ នឹងរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចក្នុងស្រុកតាមរយៈការផ្តល់ការងារ និងកំណើនភ្ញៀវទេសចរ។
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ជឿថា ក្រុមហ៊ុននេះនឹងពង្រីកការហោះហើរពីទិសដៅទាំងនេះទៅក្រៅប្រទេសទៀតនាពេលខាងមុខ។
«យុទ្ធសាស្រ្ត និងទីផ្សាររបស់ Air Asia ទិសរបស់គាត់ធ្វើមិចពង្រឹងទីផ្សារក្នុងស្រុក ហើយដោយសារគាត់មាន Networking ក្រៅស្រុកច្រើន បន្ទាប់ពីហោះក្នុងស្រុកហើយ គាត់ធ្វើការហោះហើរក្រៅប្រទេស នឹងនាំកំណើនមកបន្ថែមទៀត»។
នៅឆ្នាំ ២០២៣ កម្ពុជាមានភ្ញៀវទេសចរអន្តរជាតិជាង ៥លាននាក់ កើនឡើងជិត ១៤០ ភាគរយ ពីជាង ២លាននាក់ នៅក្នុងឆ្នាំ ២០២២។ កម្ពុជារំពឹងថា នឹងមានភ្ញៀវទេសចរអន្តរជាតិលើសពី៥លាននាក់ និងភ្ញៀវ ជាតិជាង ១៦ លាននាក់នៅឆ្នាំ ២០២៤នេះ៕
ដោយ:ទួន សុផល
