គជបអំពាវនាវគណបក្សនយោបាយប្រញាប់រួសរាន់ឯកសារ (Video Inside)
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អំពាវនាវដល់គណបក្សនយោបាយ ត្រូវធ្វើការរួសរាន់រៀបចំឯកសារឱ្យបានត្រឹមត្រូវ ខណៈគជបគ្រោងនឹងបញ្ចប់ការចាប់ឆ្នោតលេខរៀងគណបក្សនយោបាយទាំងអស់ យ៉ាងយូរត្រឹមដំណាច់ខែមីនានេះ។
គួរបញ្ជាក់ថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ក្នុងប្រទេសកម្ពុជា គ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា បានថ្លែងនៅថ្ងៃទី២០ មីនាថា បន្ទាប់ពីដំណើរការចុះបញ្ជីគណបក្សនយោបាយ និងការចុះបញ្ជីបេក្ខជនឈរបោះឆ្នោត បានបញ្ចប់ គជបកំពុងពិនិត្យមើលឯកសារ ដែលតម្រូវឱ្យគណបក្សនយោបាយ បំពេញឱ្យបានគ្រប់សព្វ ដើម្បីអាចមានសិទ្ធិចូលរួមប្រកួតប្រជែង។
គជបគ្រោងនឹងចេញសេចក្តីសម្រេចចុងក្រោយបង្អស់នៅថ្ងៃទី២២មីនា ដែលនឹងកំណត់ថា តើនឹងមានគណបក្សនយោបាយ និងបេក្ខជនចំនួនប៉ុន្មាន ដែលនឹងត្រូវចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី-ខេត្ត ក្រុង-ស្រុក និងខណ្ឌអាណ្ណត្តិទី៤។
