ប្រតិភូយុវជនគណបក្ស នាំយកវត្ថុអនុស្សាវរីយ៍បស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនឯកឧត្តមបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ ដល់គេហដ្ឋាន

ភ្នំពេញ៖ ប្រតិភូយុវជនផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល ដឹកនាំដោយ ឯកឧត្តម ចាយ បូរិន ប្រធានផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញសួរសុខទុក្ខ និងនាំយកវត្តុអនុស្សាវរីយ៍របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត អនុប្រធានគបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ជូនឯកឧត្តមបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា នារសៀលថ្ងៃទី២០ខែមីនា ឆ្នាំ២០២៤ដល់គេហដ្ឋាន ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ មានការពេញចិត្តយ៉ាងខ្លាំងចំពោះសកម្មភាពចុះសួរសុខទុក្ខរបស់ក្រុមការងារយុវជនគណបក្សថ្នាក់កណ្ដាល ដែលយកចិត្តទុកដាក់ពីសុខទុក្ខ ជីវភាពរស់នៅ ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់ចាស់ព្រឹទ្ធាចារ្យ ទាំងអស់ដែលមានគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិ។

ឯកឧត្តមបណ្ឌិតសភាចារ្យក៏បានបញ្ជាក់ពីការគាំទ្រនិងមានជំនឿយ៉ាងមុតមាំចំពោះរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតីហ៊ុន ម៉ាណែត ដែលបានដាក់ចេញនិងកំណត់នូវចក្ខុវិស័យ ផែនការ យុទ្ធសាស្រ្តច្បាស់លាស់ ជាពិសេសយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ ។

ឯកឧត្តមក៏បានរំលឹកពីប្រវត្តិ និងអនុស្សាវរីយ៍ជាច្រើនដែលឯកឧត្តមធ្លាប់បានឆ្លងកាត់ តាំងពីការសិក្សានិងការបំពេញការងារជូនជាតិមាតុភូមិ ដើម្បីជាបទពិសោធន៍ចែកជូនដល់យុវជនជំនាន់ក្រោយ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រក៏បានផ្តល់ទស្សនទានជូនយុវជនគណបក្សដូចខាងក្រោម ៖
១-អំពើហិង្សាមិនអាចបង្កើតសន្តិភាពបានទេ
២-ត្រូវចងចាំនូវសោកនាដកម្មដ៏ខ្លោចផ្សានៃរបបខ្មែរក្រហម និងមើលឃើញពីគុណតម្លៃសន្តិភាពនិងការអភិវឌ្ឍរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោហ៊ុន សែនជាប្រមុខដឹកនាំ
៣-ត្រូវពង្រឹងសាមគ្គីធម៌ក្នុងសង្គមជាតិដោយផ្នែកលើគុណតម្លៃខាងវប្បធម៌ សីលធម៌ សាសនា និងប្រវត្តិសាស្ត្រព្រមទាំងថែរក្សាព្រលឹងជាតិ ដើម្បីបង្កើនសក្តានុពលជាតិសម្រាប់ការអភិវឌ្ឍសមិទ្ធផលវិជ្ជមានថ្មីបន្ថែមទៀត
៤-ត្រូវសិក្សាពីពិភពលោក និងដកស្រង់យកបទពិសោធន៌ល្អៗមកច្នៃអនុវត្តសម្រាប់ការអភិវឌ្ឍប្រទេសជាតិយើង។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម ចាយ បូរិន និងក្រុមការងារក៏បានក៏បានប្រគល់ជូនវត្ថុអនុស្សារីយ៍ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតីហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតជូនដល់ ឯកឧត្តមបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ និងសូមជូនពរដល់ឯកឧត្តមបណ្ឌិតសភាចារ្យទទួលបានសុខភាពល្អ ជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយជាប្រការដទៃឡើយ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner