រាជរដ្ឋាភិបាល នឹងរក្សា មជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន ជាទីតាំងប្រវត្តិសាស្ត្រ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួងពាក់ព័ន្ធ ត្រូវរៀបចំលិខិតបទដ្ឋានគតិយុត្តិ ដើម្បីធានាថា មជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន ជាទីតាំងប្រវត្តិសាស្ត្ររបស់ជនពិការ តជំនាន់ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូចនេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលមជ្ឈមណ្ឌលជាតិជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា តាមរយះការស្នើសុំពីមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ខ្ញុំសូមសម្រេចថា ឱ្យរក្សាការពារសមិទ្ធផលនៅមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន ជាទីតាំងប្រវត្តិសាស្ត្ររបស់ជនពិការទៅអនាគត ។

សម្តេចធិបតី បានបញ្ជាក់ថា ទីតាំងនេះ មិនរើទៅណាទេ ដរាបណាខ្ញុំជានាយករដ្ឋមន្រ្តី ហើយទីតាំងនេះ មានសមិទ្ធផលជាច្រើន តាំងពីសិលាចារិកជាដើម ។ សម្តេចបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តអនុវត្តនូវគោលនយោបាយគាំទ្រ ដល់បងប្អូនជនមានពិការភាព ធ្វើយ៉ាងណា ផ្តល់នូវអត្ថប្រយោជន៍តាមលទ្ធភាពដែលអាចធ្វើបានដើម្បីជួយដល់បងប្អូនជនមានពិការភាព។

សម្តេចនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់ក្រសួងពាក់ព័ន្ធ ត្រូវរៀបចំលិខិតបទដ្ឋានគតិយុត្តិ ដើម្បីធានាថា មជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែនជាសម្បត្តិ សំរាប់ប្រើដល់បងប្អូនជនពិការតជំនាន់ ។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឯកភាពបង្កើតមូលនិធិកីឡាជនពិការតេជោសែន ដើម្បីជួយទ្រទ្រង់សកម្មភាពកីឡារបស់បងប្អូនជនមានពិការភាព ដោយក្នុងនោះសម្តេចធិបតី ក៏បានចូលរួមទ្រទ្រង់ដល់កីឡាជនពិការ ដោយសម្តេច បានឧបត្ថមថវិកាចំនួន ២០០លានរៀល ក្នុងរយៈពេល៤ឆ្នាំ ដើម្បីចូលរួមគាំទ្រមូលនិធិជនមានពិការភាពផងដែរ។

សម្តេចធិបតី ក៏បានអំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ សប្បុរសជននានា រួមទាំងដៃគូអភិវឌ្ឍ ចូលរួមជួយដល់ជនមានពិការភាពនៅកម្ពុជាផងដែរ ។

ឆ្លៀតក្នុងឱកាសដ៏វិសេវិសាលនេះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក៏បានឯកភាព ធ្វើជាប្រធានកិត្តិយស មជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន ផងដែរ ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner