រដ្ឋសភា កម្ពុជា ថៃ វាយតម្លៃខ្ពស់នូវវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទ្វេភាគី ដែលមានជាយូរលង់មកហើយ

(ភ្នំពេញ)៖ រដ្ឋសភា កម្ពុជា ថៃ បានវាយតម្លៃខ្ពស់នូវវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលមានជាយូរលង់មកហើយ ក៏ដូចជាសមិទ្ធផលសំខាន់ៗ ស្តែងចេញពីទំនាក់ទំនងនេះ និងសង្ឃឹមយ៉ាងមុតមាំថាទាំងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ នៃប្រទេសទាំងពីរ នឹងខិតខំប្រឹងប្រែងទាំងអស់គ្នាបន្ថែមទៀត ។

នេះបើយោងតាមលទ្ធផល នៃជំនួបពិភាក្សាការងារ រវាង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី កម្ពុជា និង ឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មៈថា ប្រធានរដ្ឋសភាថៃ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានចាត់ទុក ដំណើរទស្សនកិច្ចនេះបានរួមចំណែកយ៉ាងសំខាន់ដល់ការបន្តពង្រឹងពង្រីក និងលើកកម្ពស់បន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលអាចបើកឱកាសថ្មីសម្រាប់ប្រទេសទាំងពីរ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់យើងឱ្យអស់សក្តានុពល ។

ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ប្រធានរដ្ឋសភាស្ដីទី ក៏បានរំលេចថា នាពេលថ្មីៗនេះ ក្នុងដំណើរទស្សនកិច្ច សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និង ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ បានឯកភាពគ្នាជំរុញនិងលើកកម្ពស់វិស័យទេសចរណ៍ក្រោមពាក្យស្លោក «ព្រះរាជាណាចក្រពីរគោលដៅតែមួយ» ។

ឯកឧត្ដមប្រធានរដ្ឋសភាថៃ បានសំណូមពរឱ្យរដ្ឋសភាប្រទេសទាំងពីរមានអនុស្សរណៈយោគយល់គ្នា ដូចរដ្ឋសភាកម្ពុជា មានជាមួយប្រទេសវៀតណាមនិងប្រទេសផ្សេងៗទៀត ដើម្បីឱ្យកិច្ចសហប្រតិបត្តិការនៃសភាប្រទេសទាំងពីកាន់តែល្អប្រសើរនិងគ្រប់ជ្រុងជ្រោយថែមទៀត ។

ឯកឧត្ដម ក៏បានគោរពអញ្ជើញសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ទៅបំពេញទស្សកិច្ចនៅប្រទេសថៃ ដើម្បីមានឱកាសច្រើនថែមទៀតក្នុងការពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការសភា និងការពិចារណាទៅលើការចុះអនុស្សារណៈរួមជាមួយគ្នា ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner