កម្ពុជា និងអាស៊ែបៃហ្សង់ ពិភាក្សាការជំរុញទំនាក់ទំនងប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាពង្រីកការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ
ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម Shovgi Mehdizada ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការប្រារព្ធខួប៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងអាស៊ែបៃហ្សង់ (១៩៩៤-២០២៤) ហើយបានសម្តែងនូវការពេញចិត្ត ចំពោះទំនាក់ទំនងប្រកបដោយភាពស្និទ្ធស្នាល និងបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាពង្រីកការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក។ ការវាយតម្លៃនេះ ក្នុងជំនួបពិភាក្សាការងារ នៅទីស្តីការក្រសួង កាលពីនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់លើតម្រូវការក្នុងការជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងវិស័យសេដ្ឋកិច្ច ជាពិសេស ពាណិជ្ជកម្ម និងការវិនិយោគ ដោយពិនិត្យលទ្ធភាពរៀបចំឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចកម្រិតរដ្ឋមន្ត្រី នាពេលអនាគត ក្នុងគោលបំណងកំណត់ទិសដៅ និងអាទិភាពជាក់ស្តែង ក្នុងវិស័យសក្តានុពលនានា។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី និងឯកឧត្តម ឯកអគ្គរដ្ឋទូតបានរំលឹកពីការពេញចិត្តយ៉ាងជ្រាលជ្រៅ ចំពោះលទ្ធផលនៃកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី៣ ដែលបានប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា រវាងក្រសួងការបរទេសទាំងពីរ កាលពីខែមិថុនា ឆ្នាំ២០២២ នៅអាស៊ែបៃហ្សង់ ហើយបានពិភាក្សាអំពីការត្រៀមរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី៤ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះផងដែរ តាមពេលវេលាសមស្រប៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស