លាក់កន្សែង
ជាល្បែងមួយបែបសម្រាប់កម្សាន្តសប្បាយនៅពេលយប់ខែភ្លឺក្នុងរដូវចូលឆ្នាំ ឬនៅពេលជាចន្លោះការហត់នឿយម្តងៗ។ គេយកកន្សែង ឬក្រមាតូចមួយមករុំមូរឆ្មូលរឹតឱ្យតឹងណែនល្អ ទុកជាយបន្តិចសម្រាប់កាន់យួរបាន ហៅថា «កន្សែង»។
របៀបលេង៖ អ្នកលេងមានគ្នា ៦ ទៅ ៧នាក់ ត្រូវអង្គុយច្រហោងដំកង់ជាវង់មូល ដាក់ដៃទាំងពីរទៅមុខលើក្បាលជង្គង់ក្នុងទីណាមួយដែលជាទីវាលស្រឡះរាបស្មើល្អ។ មានម្នាក់ក្រោកចេញទៅក្រៅវង់កាន់កន្សែងនោះដើរព័ទ្ធជុំវិញយ៉ាងលឿនពីខាងក្រោយខ្នងអ្នកអង្គុយ បញ្ឆោតអ្នកអង្គុយមិនឱ្យដឹងខ្លួនថា គេលាក់កន្សែងក្រោយ ខ្នងអ្នកណាទេ។
ល្បែងនេះមានត្រណមយ៉ាងតឹងរ៉ឹងមិនឱ្យអ្នកលេងងាកក្រោយ ឬលូកដៃទៅខាងក្រោយខ្នង បើអ្នកណាមួយហ៊ានងាក ឬលូកស្ទាបខាងក្រោយខ្នង អ្នកលាក់មានអំណាចដាក់ទណ្ឌកម្មអ្នកនោះ។
អ្នកលាក់ លុះរត់ក្រឡឹងអ្នកអង្គុយ២ទៅ៣ជុំហើយ មើលតែអ្នកណាអង្គុយបែបភ្លេចខ្លួនគេក៏ដាក់កន្សែងក្រោយខ្នងអ្នកនោះភ្លាម រួចគេរត់យ៉ាងរហ័សព័ទ្ធវង់អ្នកអង្គុយ ដើម្បីឱ្យឆាប់មកដល់កន្លែងកន្សែងដែលគេដាក់នោះ។
#សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា#ដំណើរកម្ពុជា #ល្បែងប្រជាប្រិយខ្មែរ #អរិយធម៌ខ្មែរ