ឯកឧត្តម គង់ វិបុល ៖ កម្មវិធីរដ្ឋបាលអេឡិចត្រូនិកពន្ធដារ គឺជាការធ្វើបច្ចុប្បន្នភាពបច្ចេកវិទ្យាព័ត៌មាន ឱ្យកាន់តែងាយស្រួលប្រើប្រាស់ និងមានសុវត្ថិភាពជាងមុន
(ភ្នំពេញ)៖ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ថា កម្មវិធីរដ្ឋបាលអេឡិចត្រូនិកពន្ធដារ (GDT e-Administration) មិនមែនជាកម្មវិធីថ្មីនោះទេ តែជាការធ្វើបច្ចុប្បន្នភាពបច្ចេកវិទ្យាព័ត៌មាន សម្រាប់អ្នកជាប់ពន្ធប្រើប្រាស់ឱ្យកាន់តែមានភាពងាយស្រួល ចំណេញពេលវេលាជាងមុន និងកាន់តែមានសុវត្ថិភាព ក្នុងការរក្សាទុកឯកសារ ឬលិខិតរដ្ឋបាលនានា ដែលបានដាក់មក អគ្គនាយកដ្ឋានពន្ធដារ និងអង្គភាពក្រោមចំណុះ ។
ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ មានប្រសាសន៍បែបនេះ ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “កាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងកម្មវិធីរដ្ឋបាលអេឡិចត្រូនិកពន្ធដារ (GDT e-Administration)” នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ដោយមានវត្តមានចូលរួមពីឧកញ៉ា សុខ ពិសិដ្ឋ សហប្រធានក្រុមការងារអគ្គនាយកដ្ឋានពន្ធដារ-វិស័យឯកជន លោក Darc Arnaud សហប្រធានក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច ក្រុម “ឃ” ឯកឧត្តម លោកជំទាវ លោក អគ្គនាយករង ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ នៃអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងមានវត្តមានចូលរួម របស់អភិបាល បណ្ណាធិការ និងជាអ្នកតំណាងសហគ្រាសផងដែរ ។
ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ បានបន្តថា ការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការពង្រឹងអភិបាលកិច្ច តាមរយៈការបង្កើត និងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធ កម្មវិធីបច្ចេកវិទ្យា ព័ត៌មាននានា សំដៅធានាគ្រប់គ្រងប្រមូលចំណូលពន្ធ និងការផ្តល់សេវាអ្នកជាប់ពន្ធប្រព្រឹត្ត ទៅប្រកបដោយប្រសិទ្ធភាពខ្ពស់។ ជាក់ស្តែង កម្មវិធីរដ្ឋបាលអេឡិចត្រូនិកពន្ធដារ (GDT e-Administration) នឹងក្លាយជាជម្រើសថ្មីមួយទៀត សម្រាប់សាធារណជននិងអ្នកជាប់ពន្ធ ដើម្បីដាក់លិខិតរដ្ឋបាលនានា មកអគ្គនាយកដ្ឋានពន្ធដារ និងអង្គភាពក្រោមចំណុះ ជាអាទិ៍មានលិខិតរដ្ឋបាលទូទៅ ស្នើសុំធ្វើបច្ចុប្បន្នភាពព័ត៌មានអ្នកជាប់ពន្ធ ស្នើសុំបង់ពន្ធប្រថាប់ត្រា លិខិតស្នើសុំ វិញ្ញាបនបត្រផ្សេងៗ និងការស្នើសុំបង់ពន្ធជាដំណាក់កាលជាដើម ដោយមិនចាំបាច់ ចំណាយពេលវេលាមករដ្ឋបាលសារពើពន្ធផ្ទាល់នោះឡើយ ។
ជាមួយគ្នានេះ ឯកឧត្តម គង់ វិបុល ក៏បានក្រើនរំលឹកដែរថា អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសមានរយៈពេល ៣ខែ នាឆ្នាំបន្ទាប់ ដើម្បីរៀបចំលិខិតប្រកាស និងបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ហើយសម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៣ អ្នកជាប់ពន្ធ ត្រូវដាក់លិខិតប្រកាស និងបង់ពន្ធយ៉ាងយឺតបំផុត ត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ៕
អត្ថបទ ៖ វណ្ណលុក, រូបភាព៖ គ្រី សម្បត្តិ