អង្គការសហប្រជាជាតិស្នើបង្កើតគោលការណ៍ជាអន្តរជាតិ ពាក់ព័ន្ធនឹង AI

អ.ស.ប៖ មហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃព្រហស្បតិ៍ បានអំពាវនាវឱ្យបង្កើតគោលការណ៍ណែនាំជាអន្តរជាតិមួយ ដើម្បីដោះស្រាយហានិភ័យ និងអត្ថប្រយោជន៍នៃបញ្ញាសិប្បនិម្មិត (AI)។

ដំណោះស្រាយមួយដែលមានការគាំទ្រពីប្រទេសជាច្រើន និងត្រូវបានអនុម័តជាឯកច្ឆន្ទ បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបង្កើតគោលការណ៍ណែនាំជាអន្តរជាតិ ដើម្បីលើកកម្ពស់ប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) ដែលមានសុវត្ថិភាព សន្តិសុខ និងគួរឱ្យទុកចិត្ត។ ជារួម ដំណោះស្រាយដែលរៀបចំឡើងដោយសហរដ្ឋអាមេរិកនេះ ផ្តោតលើសក្តានុពលវិជ្ជមាននៃបច្ចេកវិទ្យា ហើយអំពាវនាវឱ្យមានការយកចិត្តទុកដាក់ជាពិសេស ដើម្បីផ្សារភ្ជាប់បញ្ញាសិប្បនិម្មិត (AI) និងការបែងចែកឌីជីថលផ្សេងទៀតរវាងប្រទេស និងប្រទេស និងក្នុងតំបន់។

ដំណោះស្រាយនេះដែរ ក៏ស្វែងរកការលើកកម្ពស់ការផ្លាស់ប្តូរឌីជីថល និងការចូលដំណើរការដោយសមធម៌ទៅកាន់ AI ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ដែលមានគោលបំណងធានានូវអនាគតដ៏ល្អប្រសើរ សម្រាប់មនុស្សជាតិនៅឆ្នាំ២០៣០។ ដំណោះស្រាយនេះទៀតសោត ក៏បង្ហាញពីការគំរាមកំហែងនៃបច្ចេកវិទ្យា នៅពេលប្រើប្រាស់ខុស ក្នុងចេតនាបង្កគ្រោះថ្នាក់ ហើយថែមទាំងទទួលស្គាល់ដែរថា បើគ្មានការធានាទេ AI អាចនឹងបង្កការបំផ្លាញដល់សិទ្ធិមនុស្ស ពង្រឹងការរើសអើង និងបង្កគ្រោះថ្នាក់ដល់ការការពារទិន្នន័យផ្ទាល់ខ្លួន។

គួរបញ្ជាក់ថា ការរត់ប្រណាំងមួយកំពុងដំណើរការរវាងរដ្ឋសមាជិកផ្សេងៗរបស់អង្គការសហប្រជាជាតិ មានដូចជាសហរដ្ឋអាមេរិក ចិន និងកូរ៉េខាងត្បូង ដើម្បីឈានមុខគេលើបញ្ហាទប់ស្កាត់ AI។ តួយ៉ាង កាលពីខែតុលា សេតវិមានបានបង្ហាញនូវវិធានការណ៍មួយ ដែលមានបំណងធានាថា សហរដ្ឋអាមេរិកកំពុងដឹកនាំផ្លូវនៅក្នុងបទប្បញ្ញត្តិ AI ដោយលោកប្រធានាធិបតី ចូ បៃដិន បានទទូចលើតម្រូវការដើម្បីគ្រប់គ្រងបច្ចេកវិទ្យា៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner