IMF អនុម័តឱ្យបញ្ចេញថវិកាចំនួន ៨៨០លានដុល្លារដល់អ៊ុយក្រែន

វ៉ាស៊ីនតោន៖ ក្រុមប្រឹក្សាប្រតិបត្តិរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងផ្តល់ថវិកាចំនួន ៨៨០លានដុល្លារដល់អ៊ុយក្រែន ក្នុងដំណាក់កាលទីបី នៃកញ្ចប់ជំនួយសរុបចំនួន ១៥,៦ពាន់លានដុល្លារ ដើម្បីគាំទ្រដល់សេដ្ឋកិច្ចអ៊ុយក្រែន ដែលហែកហួរដោយសង្រ្គាមរបស់រុស្ស៊ី។

ការអនុម័តរបស់ក្រុមប្រឹក្សាភិបាល IMF កើតឡើងប្រហែលមួយខែបន្ទាប់ពីមន្រ្តីមូលនិធិរូបិយវត្ថុអន្តរជាតិ ធ្វើទស្សនកិច្ចនៅប្រទេសអ៊ុយក្រែន។ នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការឈ្លានពានរបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែន បន្តធ្វើឱ្យមានការចំណាយលើការគាំពារសង្គម និងសេដ្ឋកិច្ចដ៏ធំសម្បើមដល់អ៊ុយក្រែន។

លោកស្រីបន្ថែមថា ទោះជាយ៉ាងណាក៏ដោយ អ៊ុយក្រែននៅតែអាចរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលឆ្លុះបញ្ចាំងពីការបង្កើតគោលនយោបាយដ៏ប៉ិនប្រសប់របស់ទីក្រុងគៀវ ក៏ដូចជាការគាំទ្រពីខាងក្រៅយ៉ាងច្រើន។ បើតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សេដ្ឋកិច្ចអ៊ុយក្រែនបានបង្ហាញថា មានភាពធន់ជាងការរំពឹងទុកនៅឆ្នាំ២០២៣ ជាមួយនឹងកំណើនដ៏រឹងមាំ និងការថែរក្សាទុនបម្រុងគ្រប់គ្រាន់។

ទោះជាយ៉ាងណាក៏ដោយ ខ្យល់ព្យុះកំពុងកើតឡើងម្តងទៀតនៅឆ្នាំ២០២៤ជាមួយនឹងកំណើនសេដ្ឋកិច្ចអ៊ុយក្រែន ដែលរំពឹងថា នឹងធ្លាក់ចុះចាប់ពី ៣ ទៅ ៤ភាគរយ ដោយសារតែភាពមិនច្បាស់លាស់នៃសង្រ្គាមដែលកំពុងបន្ត និង ឧបសគ្គនៃការផ្គត់ផ្គង់។ ថ្មីៗនេះ IMF ក៏បានប៉ាន់ប្រមាណតម្លៃនៃស្តារប្រទេសអ៊ុយក្រែនឡើងវិញក្រោយសង្គ្រាម មានចំនួនជិត ៤៩០ពាន់លានដុល្លារ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner