Lamborghini បំបែកកំណត់ត្រាលក់រថយន្តទំនើបលំដាប់ពិភពលោកលើកដំបូង
រ៉ូម៖ ក្រុមហ៊ុនផលិតរថយន្តស្ព័ររបស់អ៊ីតាលី Lamborghini នៅថ្ងៃព្រហស្បតិ៍ បានរាយការណ៍ពីការលក់ឈានដល់កំណត់ត្រាក្នុងឆ្នាំ២០២៣ ជាមួយនឹងការចែកចាយរថយន្តទូទាំងពិភពលោក កើនលើសពីចំនួន ១០,០០០គ្រឿងជាលើកដំបូង ជោគជ័យខ្លាំងដោយសារការលក់រថយន្ត Urus SUV។
ក្រុមហ៊ុនផលិតរថយន្ត Lamborghini បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ឆ្នាំ២០២៣ គឺជាឆ្នាំដ៏ល្អបំផុតមិនធ្លាប់មាន ជាមួយនឹងការលក់កើនឡើង ១២.១ភាគរយ ដល់ទឹកប្រាក់ ២.៦៦ពាន់លានអឺរ៉ូ ឬប្រហែល២.៩ពាន់លានដុល្លារ និងការដឹកជញ្ជូនកើនឡើង ៩.៥ភាគរយ ដល់ចំនួន ១០.១១២គ្រឿង។
ចំណែកប្រាក់ចំណេញប្រតិបត្តិការបានឈានដល់ ៧២៣លានអឺរ៉ូ កើនឡើង ១៧.៨ភាគរយ ជាមួយនឹងប្រាក់ចំណេញប្រតិបត្តិការកើនឡើងដល់ ២៧.២ភាគរយ។ នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្ត Lamborghini លោក Stephan Winkelmann និយាយថា រថយន្តម៉ាស៊ីនសាំងដែលនៅសេសសល់ទាំងអស់នៃប្រភេទរថយន្ត Urus SUV និងរថយន្តស្ព័រ Huracan បានលក់អស់ទាំងស្រុង មុនពេលជំនួសរថយន្តទាំងម៉ូដែលនេះ ដោយរថយន្តកូនកាត់ថ្មី (Hybrid) នៅចុងឆ្នាំ២០២៤។
លោកនាយកប្រតិបត្តិបន្ថែមថា អ្នកស្នងតំណែងរបស់រថយន្ត Huracan នឹងត្រូវបង្ហាញវត្តមាននៅឆ្នាំ២០២៤។ ហើយក្រុមហ៊ុនអ៊ីតាលីនេះដែរ ក៏គ្រោងនឹងចេញលក់រថយន្តអគ្គិសនីដំបូងគេបង្អស់របស់ខ្លួន ដែលជាប្រភេទ Coupe កៅអីបួននៅឆ្នាំ២០២៨ផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា