គ្រោងបង្កើតផ្សាររាត្រី-វិថីទេសចរណ៍ នៅរមណីយដ្ឋានភ្នំសំពៅ
បាត់ដំបង៖ក្នុងបំណងបង្កើតផលិតផលថ្មីឱ្យកាន់តែ សម្បូរបែប និងច្រើនជម្រើសសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាជ្ញាធរ ខេត្តបាត់ដំបង និងមន្ទីរទេសចរណ៍ខេត្ត គ្រោងរៀបចំ បង្កើតផ្សាររាត្រី-វិថីទេសចរណ៍នៅតំបន់រមណីយដ្ឋានភ្នំ សំពៅ នាពេលឆាប់ៗខាងមុខដើម្បីទាក់ទាញទេសចរឱ្យកាន់ច្រើនថែមទៀត។ការជ្រើសយករមណីយដ្ឋានភ្នំសំពៅ ដើម្បីអនុវត្តនូវ ផែនការ នេះ ពីព្រោះកន្លងទៅក៏ដូចជា បច្ចុប្បន្ន រមណីយដ្ឋានភ្នំ សំពៅជាចំណុចទាក់ទាញទេសចរបរទេស និងទេសចរផ្ទៃក្នុង រួចមកហើយ ដោយសារជាទីទស្សនាហ្វូងសត្វប្រចៀវ នាពេល ថ្ងៃអស្តង្គត។ដូចនេះសមស្របសម្រាប់ការ បង្កើតផ្សាររាត្រី និងវិថីទេសចរណ៍នៅទីនេះតែម្ដង។ម៉្យាងរដ្ឋបាលខេត្តក៏ បាន និងកំពុងតែអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្រ្ត ភ្នំសំពៅ ជាបន្ត បន្ទាប់រួចមកហើយដែរ។
លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បាន ប្រាប់ភ្នាក់ងារទូរទស្សន៍អប្សរាកាលពីពេលថ្មីៗ នេះ នូវផែន ការខាងលើ។លោកថា ផលិតផលទេសចរណ៍ថ្មីនៅរមណីយ ដ្ឋាន ដែលមានប្រជាប្រិយភាពស្រាប់អាចនឹងផ្ដល់ ឱកាសជូន ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ បាននាំយកនូវផលិតផល ប្រចាំមូលដ្ឋានរបស់ខ្លួនមកលក់ដូរនិងបង្កើត សកម្មភាព កាន់ តែអ៊ូអរជូនភ្ញៀវទេសចរដែលបានមកកាន់ទីនេះនៅពេលរាត្រី។
ខណៈនេះមន្រ្តីជំនាញកំពុងតែរៀបចំកែលម្អនូវសណ្ដាប់ធ្នាប់ អនាម័យ និងបរិស្ថានក្នុងតំបន់នេះបន្ថែមទៀត ដើម្បីបង្កើន នូវសោភណភាព និងភាពទាក់ទាញ។
សូមជម្រាបដែរថា កន្លងមកនេះ រដ្ឋបាលខេត្តបាត់ដំបង បាន បង្កើតគណៈកម្មការដើម្បីចុះរៀបចំនូវសណ្ដាប់ធ្នាប់នៅតំបន់ រមណីយដ្ឋានភ្នំសំពៅ ស្រុកបាណន់ ក្នុងគោលបំណងដើម្ បីលើកកម្ពស់សោភណភាព អនាម័យ បរិស្ថាន សណ្តាប់ធ្នាប់ សាធារណៈនិងសុវត្ថិភាពទូទៅនៅតំបន់នេះ។ម៉្យាងដើម្បី បង្កើន នូវទំនុកចិត្តនិងការទាក់ទាញភ្ញៀវទេសចរឱ្យមកកាន់ទីនេះបានកាន់តែច្រើនឡើង។
ដោយសាររមណីយដ្ឋានប្រវត្តិសាស្រ្តភ្នំសំពៅមានសក្ដានុពលស្រាប់ រដ្ឋបាលខេត្តបាត់ដំបង និងមន្ទីរជំនាញពាក់ព័ន្ធបាន ដាក់ចេញនូវផែនការអភិវឌ្ឍន៍”តំបន់រមណីយដ្ឋានភ្នំសំពៅ”ឱ្យក្លាយទៅជាគោលដៅទេសចរណ៍ធម្មជាតិឆក់យកចំណាប់អារម្មណ៍ភ្ញៀវទេសចរ ពេលដែលមកកម្សាន្តនៅខេត្តបាត់ដំបង មិនអាចរំលងភ្នំសំពៅបាន។
ភ្នំសំពៅស្ថិតនៅឃុំភ្នំសំពៅ ស្រុកបាណន់ ។នៅទីនោះក្រៅ ពីដងភ្នំ ,សំណង់ពុទ្ធសាសនានិងអាចអនុញ្ញាត ឱ្យភ្ញៀវ ធ្វើ ដំណើរបានដោយរថយន្ត,ទោចក្រយានយន្តឡើងទៅដល់កំពូលភ្នំដែលអាចគយគន់ទេសភាពដ៏ត្រកាលនៅជុំវិញភ្នំនេះ។អ្វីដែលកាន់ តែពិសេសនោះ គឺការមកទស្សនាផ្ទាំងទស្សនីយ ភាពនៃហ្វូងទ័ពប្រចៀវរាប់សិបលានក្បាល ដែលហើរចេញ ពីល្អាងភ្នំ ជារៀងរាល់ថ្ងៃនៅមុនពេលព្រះសូរិយារៀបអស្តង្គត ក្នុងចន្លោះម៉ោង៥:៣០ដល់ម៉ោង៦:៣០ល្ងាចជាទៀងទាត់៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប