ស.ស.យ.កប្រកាសរៀបចំការប្រកួតបាល់ទាត់ពាន Soccer League លើកទី៧ ដោយប្រើពេលយូរជាងមុន
ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានប្រកាសថា នឹងរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ២០២៤ ដោយគ្រោង ចំណាយ ពេលប្រកួតយូរជាងមុនរហូតដល់ពីរខែ ពោល គឺចាប់ ពីថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ខាង មុខ ខណៈរដូវកាលមុនប្រើពេលត្រឹមជាងមួយខែ ប៉ុណ្ណោះ ។
សេចក្ដីជូនដំណឹងបានបញ្ជាក់ថា សម្រាប់រដូវកាលថ្មី នៃពាន រង្វាន់ Soccer League លើកទី៧ នេះ ដូចគ្នាកាលពីឆ្នាំមុន ដោយមាន២ប្រភេទវិញ្ញាសា ។គឺវិញ្ញាសាបាល់ទាត់បុរស និង វិញ្ញាសាបាល់ទាត់នារី ដោយចាប់ផ្ដើមលក់ពាក្យ និងទទួល ពាក្យ ពីថ្ងៃទី២២ ខែមីនា រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នៅអគារ The Kampus ខាងលិចស្ពាន អាកាស ក្បាលថ្នល់ រាជធានីភ្នំពេញ។
ប្រភពដដែលបន្តថា សម្រាប់ក្រុមដែលមានសិទ្ធិចូលរួមប្រកួត គឺជាក្រុមបាល់ទាត់ក្រសួង-ស្ថាប័ន, ស.ស.យ.ក ទាំង ២៥ រាជធានី-ខេត្ត និងវិស័យ, គ្រឹះស្ថានឧត្តមសិក្សា, មន្ទីរ អង្គរភាព ក្រុង ស្រុក ខណ្ឌ និងក្រុមហ៊ុនឯកជន សមាគម និងអង្គការ នានា។ ចំពោះកីឡាករ-កីឡាការិនីទាំងអស់ ត្រូវមានអាយុ ចាប់ពី ១៨ឆ្នាំឡើង និងជាជនជាតិខ្មែរ ព្រមទាំង លក្ខខណ្ឌ មួយចំនួនទៀត ។ពិសេសកីឡាករ ដែលមិនមាន ឈ្មោះលេង លីគកំពូល, លីគទី២ និងពានសម្ដេចតេជោ ហ៊ុន សែន ចាប់ពី ឆ្នាំ ២០២១ រហូតដល់បច្ចុប្បន្នជាដើម ។
សូមជម្រាបដែរថា កាលពីរដូវកាលមុន ពាន Soccer League លើកទី៦ គឺមានក្រុមចូលរួមសរុប ៧៤ក្រុម។ ក្នុងនោះមាន ក្រុមបាល់ទាត់បុរស ៦៤ក្រុម និងក្រុមបាល់ទាត់នារី ១០ក្រុម។ លទ្ធផល គឺក្រុមបាល់ទាត់ ស.ស.យ.ក ខេត្តកណ្ដាល បាន គ្រង តំណែងជើងឯក បន្ទាប់ពីយកឈ្នះលើក្រុមហនុមាន អគ្គ លេខាធិការដ្ឋានក្រសួងការពារជាតិ នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុង លទ្ធផល ២-០ គ្រាដែលផ្នែកនារី ជើងឯក បានទៅក្រុម បាល់ទាត់សូភីណាអេហ្វស៊ី ។
សូមរំលឹកថា ការប្រកួតកីឡាបាល់ទាត់ពាន Soccer League ត្រូវបានផ្ដួចផ្ដើមគំនិតរៀបចំដោយឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ ពាននេះ ត្រូវបានចាត់ទុក ជាវេទិកាដ៏សំខាន់ដើម្បីផ្ដល់ឱកាស ដល់ កីឡាករ-កីឡាការិនីគ្រប់ក្រសួង-ស្ថាប័ន និងឯកជន ទូទាំង រាជធានី-ខេត្ត ដើម្បីបង្ហាញសមត្ថភាពជាមួយសកម្មភាពកីឡា ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការបំផុសចលនា កីឡា ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព របស់យុវជន ទូទាំងប្រទេស និងដើម្បីបង្កើតនូវធនធានមនុស្សក្នុង វិស័យ កីឡាបាល់ទាត់ឱ្យកាន់តែរីកចម្រើនផងដែរ ៕
ដោយ៖វណ្ណលុក