ស្វាយកែវរមៀតបន្តធ្លាក់ថ្លៃទោះមានអន្តរាគមន៍

ភ្នំពេញ៖បើទោះជាមានកិច្ចអន្តរាគមន៍ តម្លៃផ្លែស្វាយកែវរមៀតនៅតែបន្តធ្លាក់ថ្លៃ។ កសិករដាំស្វាយកែវរមៀតបានប្រាប់ទូរទស្សន៍អប្សរាថា នៅពេលនេះគឺចំពេលរដូវប្រមូលផល ស្វាយកែវរមៀតមានតម្លៃពី ៣០០រៀល ទៅ ៤០០រៀល ប៉ុណ្ណោះក្នុងមួយគីឡូក្រាម។ ធៀបនឹងរដូវខ្សត់ តម្លៃស្វាយក្នុងមួយគីឡូក្រាមឡើងដល់ ១ ២០០រៀល។
លោក មិញ លី កសិករដាំស្វាយកែវរមៀតនៅខេត្តកំពង់ស្ពឺ ប្រមូលផលស្វាយបាន១២០តោន ពីចម្ការ ៤ហិកតា។ លោកថា លោកលក់ឲ្យឈ្មួញកណ្តាលតាមតម្លៃដែលពួកគេកំណត់។

លោក និន ចរិយា ជាម្ចាស់ចម្ការស្វាយកែរមៀតម្នាក់ទៀតនៅខេត្តកំពង់ស្ពឺដែរ។ លោកសម្គាល់ឃើញថា តម្រូវការទិញមិនបានកើនឡើងទេនៅឆ្នាំនេះ ខណៈដែលអ្នកដាំមានកាន់តែច្រើន ហើយការប្រមូលផលបានច្រើនលើសពីទីផ្សារ។ ដូច្នេះតម្លៃបន្តធ្លាក់ចុះ។
« រដូវនឹងគឺរដូវចាល់ ស្វាយវាសម្បូរហើយតម្រូវការអត់កើនឡើងទេ។ ឧទាហរណ៍ស្វាយនៅស្រុកខ្មែរត្រូវការមួយលានតោន ចេញមួយលានតោនហ្មង។ អីចឹងតម្រូវការវាមិនមែនមួយខែហ្នឹងត្រូវការមួយលានតោនទេ ។អ៊ីចឹងមួយឆ្នាំត្រូវការមួយលានតោន ដល់ចេញមួយខែចេញមួយលានតោនហ្មង ស្រមៃមើល»។

ឆ្លើយតបទៅនឹងបញ្ហានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានកោះប្រជុំកាលពីថ្ងៃពុធដើម្បីរកវិធានការឆ្លើយតបឱ្យបានទាន់ពេលវេលា ប៉ុន្តែ គេពុំទាន់ដឹងថាជាវិធានការអ្វីនៅឡើយ។ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានប្រាប់ទូរទស្សន៍អប្សរាថា កន្លងមកក្រសួងគាំទ្របច្ចេកទេសដល់កសិករ ដើម្បីលើកកម្ពស់គុណភាពស្តង់ដារស្វាយ និងជំរុញការវិនិយោគកែច្នៃស្វាយ ដើម្បីទប់ទល់នឹងការកើនឡើងជាគំហុកពីការប្រមូលផលដំណាលគ្នា។ លោកថា កសិករអាចពិចារណារួមគ្នាចងក្រងជាសហគមន៍ ដើម្បីទទួលបានជម្រើសល្អទាំងទីផ្សាក្នុងស្រុក និងក្រៅប្រទេស។

តាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២៣ កម្ពុជា មានផ្ទៃដីដាំដុះស្វាយទូទាំប្រទេស ជាង ១៤ម៉ឺនហិកតា ដោយផ្តល់ផលប្រមាណជាង ២លានតោនក្នុងមួយឆ្នាំ។ រយៈពេលប្រាំបីខែឆ្នាំ២០២៣ កម្ពុជា បាននាំចេញកសិផលស្វាយស្រស់តែជាង ៩ ម៉ឺនតោន ខណៈការនាំចេញជាដំណាប់ស្វាយមានប្រមាណជិត២ម៉ឺនតោន។ ចិន គឺជាទីផ្សារធំសម្រាប់ការនាំចេញស្វាយស្រស់ និងដំណាប់ស្វាយពីកម្ពុជា។ ក្រៅពីនោះ ស្វាយដែលដាំបាន គឺចរាចរលើទីផ្សារក្នុងស្រុក៕ ដោយ៖សែន ដាវិត

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner