កម្មកររោងចក្រ Y&W បញ្ចប់ការប្រមូលផ្តុំ ការងារថ្មីជាងបីពាន់កន្លែងកំពុងរង់ចាំ
ភ្នំពេញ៖ គិតត្រឹមរសៀលសុក្រនេះ ក្រុមកម្មកររោងចក្រកាត់ដេរ Y&W Garment បានបញ្ឈប់ការប្រមូលផ្តុំហើយដោយពួកគេបានទទួលយកប្រាក់ខែ ដែលមានការសម្របសម្រួលដោយក្រសួងការងារ។ នេះបើតាមការបញ្ជាក់របស់ លោក វ៉ាន់ មួយមករា ទីប្រឹក្សាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លើសពីនេះ ឯកឧត្តម កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ បានប្រាប់ទូរទស្សន៍អប្សរាថា កម្មករ កម្មការិនី អាចដាក់ពាក្យចូលធ្វើការនៅរោងចក្រផ្សេងៗបានភ្លាមៗ ដោយក្រសួងការងារអះអាងថា មានការងារចំនួន៣០០០កន្លែង កំពុងរង់ចាំ។
«ទន្ទឹមនោះ ក្រសួងក៏បានបញ្ជូនមជ្ឈមណ្ឌលការងារចល័តនៃទីភ្នាក់ងារជាតិ មុខរបរ និងការងារនៃក្រសួងការងារទៅកាន់មុខរោងកច្រ ដែលបងប្អូនកម្មកររស់នៅ ដើម្បីផ្តល់ឱកាសការងារជិត ៣ ០០០ កន្លែងក្នុងរោងចក្រ សហគ្រាសនៅជុំវិញតំបន់កម្មកររស់នៅ ដើម្បីឱ្យគាត់មានការងារថ្មីធ្វើ និងមានប្រាក់ចំណូល»។
គួរសម្គាល់ថា ជាច្រើនថ្ងៃ កម្មករ កម្មការិនី ជាច្រើននាក់ក្នុងចំណោមកម្មករ ៤ ០០០នាក់នៅរោងចក្រកាត់ដេរ Y&W Garment ដែលស្ថិតនៅខណ្ឌដង្កោនៃរាជធានីភ្នំពេញ បានក្រោកតវ៉ា និងបិទផ្លូវ ត្រង់ចំណុចស្តុបបាគូ និងមួយចំណុចទៀតនៅខាងមុខរោងចក្រ។ ពួកគេទាមទាររកយុត្តិធម៌និងដំណោះស្រាយតាមកិច្ចសន្យាការងារក្រោយពីថៅកែបោះបង់ចោលតាំងពីថ្ងៃទី១ខែមីនាមក។
យោងតាមនីតិវិធីច្បាប់ ក្រសួងនឹងប្តឹងក្រុមហ៊ុនទៅតុលាការ ដើម្បីកាត់កងទ្រព្យក្រុមហ៊ុនទូទាត់ឲ្យកម្មករនិយោជិត។ ក្រសួងអះអាងថា មានថវិកាគ្រប់គ្រាន់ក្នុងការបើកឲ្យកម្មករទាំងអស់ តាមបញ្ជីឈ្មោះដែលទទួលបានពីការស្រង់របស់ងរដ្ឋបាលរោងចក្រ។
ប្រធានសហជីពចលនាកម្មករលោក ប៉ាវ ស៊ីណា យល់ថា មួយរយៈពេលនៃការប្រមូលផ្តុំរបស់កម្មករ និងចំណាត់ការរបស់ក្រសួងការងារចំពោះករណីរោងចក្រនេ ធ្វើបានលឿន។ កន្លងមកលោក កត់សម្គាល់ឃើញថា ករណីផ្សេងៗមានការឆ្លើយតបយឺត បើធៀបនឹងការតវ៉ារបស់កម្មកររោងចក្រ Y&W Garment ។
រយៈពេលប្រាំមួយខែ នៃការដឹកនាំរបស់រដ្ឋាភិបាលថ្មី មានរោងចក្រសហគ្រាស ដែលបានបើកថ្មីចំនួនជាង បីពាន់ ក្នុ។ងនោះមានវិស័យកាត់ដេរ ចំនួនជាង ១៦០រោងចក្រ ដែលបានបង្កើតការងារថ្មីជូនប្រជាពលរដ្ឋចំនួនជិតប្រាំបីម៉ឺននាក់។ ទន្ទឹមនឹងនោះ ក៏មានរោងចក្រមួយចំនួនបានបិទទ្វារដោយសារទប់ទល់មិនរួចនឹងស្ថានភាពសេដ្ឋកិច្ចសកលផងដែរ៕ អត្ថបទ៖ ទួន សុផល