អឺរ៉ុបបង្កើតច្បាប់ AI ទប់ស្កាត់ហានិភ័យលើមនុស្ស
សភាអ៊ឺរ៉ុបបានអនុម័តចុងក្រោយ លើបទបញ្ញត្តិស្តីពីបញ្ញាសិប្បនិម្មិត ឬ AI ជាប្រវតិ្ថសាស្ត្រ ក្នុងនោះ មានចែងពីការគ្រប់គ្រងលើប្រព័ន្ធបច្ចេកវិទ្យាដ៏មានឥទ្ធិពល ដូចជា គំរូភាសា ChatGPT របស់ក្រុមហ៊ុនអាមេរិក OpenAI ជាដើម។
រដ្ឋទាំង ២៧ របស់សហភាពអឺរ៉ុបគ្រោងនឹងផ្តល់សច្ចាប័ន លើច្បាប់ដ៏ទូលំទូលាយ មួយនេះ នៅក្នុងខែមេសា ហើយគ្រោងនឹងដាក់ឲ្យចូលជាធរមាន ក្នុងខែឧសភា ឬ ខែមិថុនា នេះបើតាមមន្ត្រីជាន់ខ្ពស់ សហភាពអឺរ៉ុប។
ប្រភពបន្តថា ពង្រាងច្បាប់នេះត្រូវបានស្នើឡើង តាំងពីឆ្នាំ២០២១ ក្នុងគោលបំណងការពារពលរដ្ឋ ពីហានិភ័យដែលអាចកើតមាន ព្រោះតែបច្ចេកវិទ្យាដែលកំពុងវិវឌ្ឍន៍ ក្នុងល្បឿន ដ៏លឿន។ បទប្បញ្ញត្តិមួយនេះ ទទួលបានការអនុម័តចុងក្រោយ ពីសមាជិកសភាអឺរ៉ុប ចំនួន ៥២៣សម្លេង ទល់នឹងការជំទាស់ ៤៦សម្លេង អំឡុងការបោះឆ្នោត នៅទីក្រុង Strasbourg ប្រទេសបារាំងកាលពីសប្តាហ៍មុន។
ការបង្កើតច្បាប់របស់អឺរ៉ុបនេះបានកើតឡើង ស្របពេលដែល បច្ចេកវិទ្យាជំនាន់ថ្មី AI ប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេស ChatGPT តែម្តង បានធ្វើឱ្យពិភពលោក ភ្ញាក់ផ្អើល ជាមួយនឹងសមត្ថភាពដូចមនុស្ស របស់វា។
ច្បាប់ AI របស់អឺរ៉ុបមួយនេះប្រកាន់យកវិធីសាស្រ្ត ផ្អែកលើហានិភ័យ ក្នុងនោះ ក៏មានចែងផងដែរថា អ្នកផ្តល់សេវា AI ដែលមានហានិភ័យខ្ពស់ ត្រូវតែធ្វើការវាយតម្លៃហានិភ័យ និងធានាថា ផលិតផលរបស់ពួកគេ អនុលោមតាមច្បាប់ មុនពេលត្រូវបានដាក់ឱ្យប្រើប្រាស់ ជាសាធារណៈ ជាដើម៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត