វិបត្តិដីឡូត៍-ផ្ទះល្វែងអូសបន្លាយ, អ្នកជំនាញឱ្យដោះស្រាយបន្ទាន់
ភ្នំពេញ៖ចាប់តាំងពីឆ្នាំ ២០២០ មក ស្ថានភាពអចលនវត្ថុរបស់ប្រទេសកម្ពុជា បានធ្វើដំណើរឆ្លងកាត់ភាពច្របូកច្របល់ ជាចម្បងដោយសារតែវិបត្តិជំងឺកូវីត-១៩ សង្តត់បន្ថែមដោយការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចសកល។ គម្រោងសាងសង់មួយចំនួនត្រូវបានផ្អាក ឬទុកចោល។ ផ្ទះល្វែងជាប់គាំង ខុនដូមិនដំណើរការ ដីឡូតិ៍ខ្យល់ អតិថិនជនច្រើនឱបទុក្ខព្រួយ ខ្លះខ្ចីលុយធនាគារវិនិយោគ ដើម្បីបានជម្រករស់នៅ និងខ្លះដើម្បីបានប្រាក់ចំណេញ។ ប៉ុន្តែ ពេលនេះ ក្តីស្រមៃរបស់ពួកគេហាក់នៅឆ្ងាយពីការពិត។
លោក ឆយ ឡាយបូអ៊ី ជាអតីតពលករក្លាយជាជនពិការដោយសារគ្រោះថ្នាក់ការងារនៅប្រទេសកូរ៉េ។ លោកបានចាយលុយជាងប្រាំបីម៉ឺនដុល្លារ ពីការសន្សំ និងកម្ចីធនាគារខ្លះ មកវិនិយោគជាមួយក្រុមហ៊ុន ប្រ៊ីលានស៊ីធី ដែលម្ចាស់គម្រោង អ្នកស្រី ឡេង ចាន់ណា ទើបត្រូវបានព្រះរាជអាជ្ញាចោទពីបទឆបោកមានស្ថានទម្ងន់ទោស ចេញសែកអត់ប្រាក់ និងការលាងលុយ។
រស់នៅខេត្តកំពង់ចាម លោក ឆយ ឡាយបូអ៊ី បានប្រាប់ទូរទស្សន៍អប្សរាថា ក្រៅពីអស់លុយផ្ទាល់ខ្លួន លោកបានទាក់ទាញសាច់ញាតិជាច្រើចននាក់ទៀតឲ្យចូលបោះទុនសរុបជាទឹកប្រាក់ជាង២០ម៉ឺនដុល្លារ។ ពេលនេះ លោកហាក់អស់សង្ឃឹម។
លោកថ្លែងបែបនេះថា« មកទល់ពេលនេះខ្ញុំជួបបញ្ហាខ្វះខាតច្រើន ។ទី១ យើងបានបាត់បង់ការងារ ។ទី២យើងជួបបញ្ហាហិរញ្ញវត្ថុជាមួយក្រុមហ៊ុន ។ឥឡូវនេះយើង កំពុងប្រឈមមុខជាមួយធនាគារ ឱ្យយើងបង់ការប្រាក់ និងដើម ដោយសារឥឡូវយើងអត់មានសមត្ថភាពក្នុងការបង់ ។ដល់អ៊ីចឹងមានការលំបាកខ្លាំងមែនទែន»។
អ្នកស្រី ឡេង ចាន់ណា និងបក្ខពួក ត្រូវប្រជាជនជាជនរងគ្រោះចោទថាបានបោកលុយជាច្រើនលានដុល្លារពីពួកគេ ក្រោមរូបភាពទិញដី ទិញផ្ទះ និងចងការ។
លោក សំ សុខនឿន ប្រធានសមាគមអចលទ្រព្យសកល បានលើកឡើងថា ដំណោះស្រាយបន្ទាន់ដើម្បីបង្កើនទំនុកចិត្តឡើងវិញជារឿងចាំបាច់។
លោកបន្តដូច្នេះថា «អ្វីដែលយើងសង្កេតឃើញប្រជាជនរបស់់យើង ក៏ដូចជាអតិថិជនរបស់គម្រោងនីមួយៗដែលទិញហើយមិនបានផ្ទះមិនបានដី ដោយសារការសាងសង់យូរខុសកិច្ចសន្យា វាបានបង្កភាពឈឺក្បាលដល់រាជរដ្ឋាភិបាល ដែលកំពុងមានវិធានការទប់ស្កាត់ និងរកដំណោះស្រាយ»។
លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជាចិន លើកឡើងថា ដើម្បីបញ្ចៀសបញ្ហានេះ អាជ្ញាធរមានសមត្ថកិច្ច គួរពិនិត្យឡើងវិញលើកិច្ចសន្យារបស់ក្រុមហ៊ុន ដើម្បីរៀបជាស្តង់ដារមួយ ដោយយកគម្រូតាមស្ថាបននិយ័តករអចលនទ្រព្យ និងបញ្ចាំ។
ចំណែក លោក ង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុនៅកម្ពុជា យល់ថា កាលៈទេសៈនេះទាមទារការសហការ ហើយថា ការអូសបន្លាយអាចនាំខាតប្រយោជន៍។ «បញ្ហានេះអាចធ្វើឱ្យប៉ះពាល់ដល់ការទុកចិត្តគ្នាក្នុងសង្គម ធ្វើឱ្យមានការសង្ស័យគ្នា ហើយការដែលសង្គមបាត់បង់ការទុកចិត្តគ្នាគឺជារឿងដែលខាតប្រយោជន៍ច្រើន ព្រោះសម័យកាលសេដ្ឋកិច្ចប្រកួតប្រជែង ទាមទារឱ្យមនុស្សចេះសហការគ្នា ធ្វើការជាមួយគ្នា ជឿជាក់គ្នា គោរពច្បាប់ទាំងអស់គ្នា»។
ឯកឧត្តម ជូ វណ្ណៈ អគ្គនាយកនិយ័តករអាជីវកម្មអចលនទ្រព្យ និងបញ្ចាំ ពុំទាន់ឆ្លើយតបសំណួររបស់ទូរទស្សន៍អប្សរា អំពីដំណោះស្រាយបញ្ហានេះនៅឡើយ។ ទោះយ៉ាងណានាពេលថ្មីៗនេះ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានបង្ហាញឈ្មោះ ក្រុមហ៊ុន/គម្រោងអភិវឌ្ឍន៍អចលនវត្ថុដែលលគ្មានអាជ្ញាបណ្ណចំនួន ១២ ដើម្បីឱ្យប្រជាជនប្រុងប្រយ័ត្នក្នុងការបោះទុនជាមួយ។
ទន្ទឹមនឹងប្រជាជនខាតបង់ ម្ចាស់គម្រោងអចលនទ្រព្យខ្លះក៏ជួបផលលំបាកពីការពន្យារពេលបង់ប្រាក់ ឬគ្មានលទ្ធភាពបង់បន្ត របស់អតិថិជន ផងដែរ។ ប៉ុន្តែ ក្រុមហ៊ុនមួយចំនួនផ្សេងទៀត ម្ចាស់គម្រោងរត់ចោល ជាប់ទោស ឬមិនខ្វាយខ្វល់តែម្តង។
អ្នកជំនាញរំពឹងថា វិស័យនេះនឹងងើបឡើងវិញក្នុងពេលបីឆ្នាំទៀតដែលអាចរំដោះកម្ពុជាពីវិបត្តិនេះ។ មកទល់ពេលនេះ មិនទាន់មានការស្រាវជ្រាវណាមួយបង្ហាញពីទំហំទឹកប្រាក់ខាតបង់រួមនៅឡើយ៕ អត្ថបទ៖ ទួន សុផល