រដ្ឋមន្ដ្រីក្រសួងបរិស្ថាន ចុះពិនិត្យទីតាំងត្រៀមដាំស្តារព្រៃឈើឡើងវិញ នៅក្នុងខេត្តពោធិ៍សាត់
ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត បានអញ្ជើញពិនិត្យដោយផ្ទាល់ទីតាំងក្រុមហ៊ុនវិនិយោគចំនួន៥ ។ក្នុងនេះ មាន៣ទីតាំងស្ថិតតំបន់ស្នូល និង២ទីតាំងនៅក្រៅតំបន់ សរុបទំហំជាង៤៣ហិកតា ត្រង់ចំណុចភ្នំ១៥០០ នៃភូមិសាស្រ្តដែនជម្រកសត្វព្រៃភ្នំសំកុស ក្នុងភូមិស្រុកវាលវែង ខេត្តពោធិ៏សាត់ ។ទីតាំងទាំងនេះសម្រាប់ដាំស្តារព្រៃឈើឡើងវិញ បន្ទាប់ពីបានវាយតម្លៃថាគម្រោងមិនបានអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងមិនបានដំណើរការជាច្រើនឆ្នាំកន្លងមក ព្រមទាំងការដាំស្តារព្រៃដែលរិចរឹលនៅកន្លែងមួយចំនួនទៀត នៅក្នុងតំបន់ការពារធម្មជាតិនោះផងដែរ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាន៍នៅថ្ងៃអាទិត្យទី២៤ ខែមីនាឆ្នាំ២០២៤នេះថា ការដាំស្តារព្រៃឈើឡើងវិញនេះ គឺស្របទៅតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលតម្រូវឲ្យក្រសួងបរិស្ថាន និងក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ លើការគ្រប់គ្រងធនធានធម្មជាតិ ឲ្យបានម៉ឺងម៉ាត់នៅទូទាំងប្រទេស។
សូមជម្រាបជូនថា កន្លងមកនេះ ក្រសួងបរិស្ថាន ត្រៀមលក្ខណៈ ក្នុងការដាំស្តារព្រៃឈើជាងមួយលានដើម ចាប់ពីរដូវវស្សា ឆ្នាំ២០២៤នេះតទៅ។ គិតមកដល់ពេលនេះ មន្ទីររាជធានី-ខេត្ត បានរៀបចំបណ្តុះកូនឈើ បានគ្រប់ផែនការ មានចំនួនជាងមួយលានដើមក្នុងការដាំស្តារព្រៃឈើ នៅរដូវវស្សាឆ្នាំ២០២៤នេះ ។ក្នុងនោះ មន្ទីរបរិស្ថានរាជធានីខេត្តនានា បានបណ្តុះកូនឈើ បានចំនួនជាង៧០ម៉ឺនដើម និងបានចែកជូនប្រជាពលរដ្ឋជាបណ្តើរៗយកទៅដាំតាមផ្ទះ សាលារៀន វតត្តអារាម និងតាមសហគមន៍ ។
ដោយឡែក ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានផ្តល់កូនត្នោតចំនួនជាង៣០ម៉ឺន ដើមថែមទៀតសម្រាប់យុទ្ធនាការចែកជូនប្រជាពលរដ្ឋដាំដោយឥតគិតថ្លៃ។
បើតាមឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី តំបន់វិនិយោគអភិវឌ្ឍទេសចរណ៍ធម្មជាតិ ដែលមិនបានអនុវត្តតាមកិច្ចព្រមព្រៀងជាមួយរាជរដ្ឋាភិបាល គឺត្រូវបានដកហូតមកវិញ ដោយឃ្លុំទុក ដើម្បីដាំស្តារព្រៃឡើងវិញ។ ជាមួយគ្នានេះ ចំពោះតំបន់ព្រៃ ដែលបានពីការដកហូតត្រលប់មកវិញពីការកាប់ទន្រ្ទាន និងព្រៃរិចរិលដោយធម្មជាតិ ក៏នឹងត្រូវដាំស្តារព្រៃឈើឡើងវិញផងដែរ ហើយការអនុវត្តដាំស្តារ គឺធ្វើឡើងទូទាំងប្រទេសតែម្តង ដើម្បីបង្កើនគម្របព្រៃ៦០ភាគរយនៅឆ្នាំ២០៥០។
គួរបញ្ជាក់ថា ជាមួយនឹងការចុះពិនិត្យដល់មូលដ្ឋានតំបន់ការពារនេះ ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រី បរិស្ថាន បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមដាំកូនឈើឲ្យបានច្រើន និងបន្តចូលរួមសហការជាមួយក្រសួងបរិស្ថាន និងអាជ្ញាធរមានសមត្ថកិច្ច ក្នុងការបង្កាបនិងទប់ស្កាត់បទល្មើលធនធានធម្មជាតិ៕
ដោយ៖ម៉ាដេប៉ូ