ស្រ្តីជនជាតិបេឡារុសដំបូងធ្វើដំណើរទៅកាន់ស្ថានីយអវកាស ISS
មូស្គូ៖ ទីភ្នាក់ងារអវកាស Roscosmos របស់ប្រទេសរុស្ស៊ី និយាយថា នាង Marina Vasilevskaya ដែលជាអវកាសយានិកស្ត្រីទីមួយរបស់ប្រទេសបេឡារុស បានជិះយានអវកាស Soyuz របស់រុស្ស៊ី ដែលបានបាញ់បង្ហោះដោយជោគជ័យកាលពីថ្ងៃសៅរ៍ ឆ្ពោះទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS)។
ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា យានអវកាស Soyuz បានហោះចេញពីមជ្ឈមណ្ឌល Baikonur នៅក្នុងប្រទេសកាហ្សាក់ស្ថាន នៅម៉ោង ១២និង៣៦នាទីកាលពីថ្ងៃសៅរ៍ (ម៉ោងក្នុងតំបន់) ដោយបន្ថែមថា យានអវកាសបានចូលទៅក្នុងគន្លង ដូចតាមការគ្រោងទុក។
ជាមួយគ្នានេះ ប្រធាន Roscosmos លោក Yuri Borisov និយាយថា បេសកកម្ម Soyuz MS-25 កាលពីថ្ងៃសៅរ៍ បានហោះចេញពីមជ្ឈមណ្ឌល Baikonur ដោយគ្មានបញ្ហា ហើយបានដឹកអវកាសយានិកចំនួន៣រូបឡើងទៅកាន់ទីអវកាស ក្នុងនោះរួមមានអវកាសយានិករុស្ស៊ី លោក Oleg Novitsky, នាង Tracy Dyson មកពីសហរដ្ឋអាមេរិក និង នាង Marina Vasilevskaya មកពីបេឡារុស។
បើតាមការគ្រោងទុកនោះ យានអវកាសរុស្ស៊ី Soyuz នឹងត្រូវចូលចតនៅឯស្ថានីយអវកាសអន្តរជាតិ (ISS) ក្នុងថ្ងៃចន្ទនេះ នៅវេលាម៉ោង ១៥និង១០នាទី (ម៉ោងក្នុងតំបន់)។
អស់រយៈពេលជិតមួយទសវត្សរ៍មកហើយ ដែលការបាញ់បង្ហោះយានអវកាស Soyuz របស់រុស្ស៊ី គឺជាមធ្យោបាយតែមួយគត់ ដើម្បីបញ្ជូនអវកាសយានិកទៅមករវាងផែនដី និងស្ថានីយអវកាសអន្តរជាតិ (ISS) បន្ទាប់ពីអង្គការ NASA បានបញ្ឈប់កម្មវិធីយានអវកាសរបស់ខ្លួន។
ប៉ុន្តែបច្ចុប្បន្ន សហរដ្ឋអាមេរិកបានផ្លាស់ប្តូរទៅប្រើប្រាស់គ្រាប់រ៉ុក្កែត SpaceX ដែលផលិតឡើងដោយក្រុមហ៊ុនឯកជនរបស់លោក Elon Musk៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា